ក្រសួងបរិស្ថានអំពាវនាវឲ្យប្រជាជពលរដ្ឋបញ្ឈប់ការចាប់យកដីនៅតំបន់ឧទ្យានជាតិរៀម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងបរិស្ថាន បានអំពាវនាវឲ្យប្រជាជពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការចាប់យកដីនៅតំបន់ឧទ្យានជាតិព្រះសីហនុ(រាម) ដោយល្មើសច្បាប់ ខណៈមានជនខិលខូច បាននឹងកំពុង ប្រកាសលក់ដីពុះឡូតិ៍ យ៉ាងអនាធិបតេយ្យនៅតំបន់អភិរក្សនេះ។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា បើនៅតែបន្តសកម្មភាពទិញលក់ដីធ្លីដោយខុសច្បាប់ក្នុងឧទ្យានជាតិនេះ នឹងត្រូវប្រឈមមុខច្បាប់ដោយមិនមានការលើកលែងទោសនោះឡើយ។
ការអំពាវនាវនេះ ធ្វើឡើងដោយសារនៅតែមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូច បន្ទាប់ពីដីនៅតំបន់ខេត្តព្រះសីហនុ មានការឡើងថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


ឯកឧត្តម បានឱ្យដឹងថា ជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុជាច្រើនករណី បាននឹងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ និងរង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើសដែលខ្លួនប្រព្រឹត្តប្រឆាំងនឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។ ឯកឧត្តម បានអំពាវនាវដល់សាធារណជន ដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិនេះឲ្យមានការប្រុងប្រយ័ត្នចំពោះខាតបង់ប្រាក់ឥតប្រយោជន៍ ដោយសារថា ដីនៅតំបន់នេះ គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឲ្យបុគ្គលណាបានឡើយ
សូមបញ្ជាក់ថា តំបន់រាមមានផ្ទៃដីទំហំ១៥ម៉ឺនហិកតា ត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម) ដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣។
ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឲ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិល ធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ជាដើម។ ឯកឧត្តម បន្តថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។
កាលពីចុងសប្តាហ៍នេះ ក្រសួងបរិស្ថាន បានសហការជាមួយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាមេក្លោងពីររូប ដែលបានដឹកនាំប្រជាពលរដ្ឋប្រមាណជិត៣០នាក់ ចូលរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់នៅតំបន់ឧទ្យានជាតិព្រះសីហនុ(រាម) ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការជំនុំជម្រះតាមច្បាប់៕