សភាកម្ពុជា-វៀតណាម ជំរុញការគាំទ្រតួនាទីស្ត្រីដើម្បីចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សភាកម្ពុជា-វៀតណាម ជំរុញការគាំទ្រតួនាទីស្ត្រី ដើម្បីលើកកម្ពស់ដល់ការចូលរួមការថែរក្សាសុខសន្តិភាព សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទេសចរណ៍ ជាដើម។


ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងឱកាសលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោកជំទាវ តុង ធីហ្វុង អនុប្រធានទី១ នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការមកដល់មាតុភូមិវិញរបស់គណៈប្រតិភូកម្ពុជា នៅថ្ងៃទី២៥ ខែមីនានេះឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចបរទេស ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានឲ្យដឹងថា សមភាគីទាំងពីរ បានឯកភាពគ្នាដាក់បញ្ចូលខ្លឹមសារបន្ថែមស្តីពីសមាជិកសភាវ័យក្មេង និងក្រុមសមាជិកសភាជាស្រ្តី នៅក្នុងកំណែសម្រួលកិច្ចព្រមព្រៀងថ្មី ស្តីពីសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ សម្រាប់ដាក់ជូន សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិនប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ង្វៀន ធីគិមងិន ប្រធានរដ្ឋសភាវៀតណាម
ចុះហត្ថលេខានាពេលខាងមុខ។ ជាមួយគ្នានេះ ក៏បានគាំទ្រគ្នាទៅវិញទៅមក នូវគំនិតផ្ដួចផ្ដើមទាំងឡាយណាដែលពាក់ព័ន្ធការងារស្ដ្រី ក្នុងកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប(ASEP)ដែលសភាកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២០ និងការងារស្ដ្រី ក្នុងក្របខ័ណ្ឌអន្ដរសភាអាស៊ាន(AIPA) ដែលរដ្ឋសភាវៀតណាមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ដូចគ្នា។
ឯកឧត្តម ឈាង វុន បានឲ្យដឹងទៀតថា រដ្ឋសភាប្រទេសទាំងពីរ គ្រោងនឹងរៀបចំឲ្យមានជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ក្រុមសភាជាតិជាស្រ្តី នៃប្រទេសទាំងពីរ ឬរៀបចំឱ្យមានសិក្ខាសាលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៅពេលវេលាសមស្របក្នុងឆ្នាំ​២០១៩ ។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់នៅវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងស្ថាប័ននីតិបញ្ញតិ្តនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម​​ ផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប្រទេស​ ភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការបន្តថែរក្សា ពូនជ្រុំ ពង្រឹងចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជាតិទាំងពីរឲ្យបានគង់វង្សរឹងមាំ ដើម្បីជាផលប្រយោជន៍នៃកិច្ចការពារសុខសន្តិភាព​​​ ស្ថិរភាពរួម។
ឯកឧត្តម ឈាង វុន បានបន្តថា ភាគីទាំងពីរបានអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន ភូជុង នៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ និងមានអត្ថន័យជាប្រវត្តិសាស្រ្ត រួមចំណែកដល់ការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យទំនាក់ទំនងក្នុងភាពជាអ្នកភូមិផងរបងជាមួយល្អ និងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ឋិតឋេរយូរអង្វែង រវាងប្រទេសទាំងពីរមានភាពកាន់តែខ្លាំងក្លា មានប្រសិទ្ធភាពជាក់ស្តែង ជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើសកលលោក។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានរំលឹកឡើងវិញនូវប្រពៃណីនៃការតស៊ូរវាង បក្ស រដ្ឋ និងប្រជាជនទាំងពីរក្នុងការពុះពារការលំបាក ដើម្បីទទួលបានជោគជ័យរួម។ ប្រទេសទាំងពីរតែងតែឈរប្រកៀកស្មាគ្នាក្នុងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលយើងជួបបញ្ហាលំបាកធំៗ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំគម្រោងទស្សនកិច្ចជាផ្លូវការរបស់សម្ដេចប្រធានរដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយម​វៀតណាម នាពេលខាងមុខ និងបានពិគ្រោះគ្នាលើការងារក្រុមសមាជិកសភាជាស្រ្ដី និងសភាវ័យក្មេង ព្រមទាំងកិច្ចសហប្រតិបត្ដិការរវាងក្រុមមិត្ដភាពរដ្ឋសភាប្រទេសទាំងពីរ និងកិច្ចប្រជុំក្នុងក្រមខណ្ឌសភាកម្ពុជា ឡាវ និងវៀតណាម(CLV) ផងដែរ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម លោកជំទាវ តុង ធីហ្វុង អនុប្រធានទី១ នៃរដ្ឋសភាវៀតណាម ឯកឧត្ដម ជិន គួកហ្វ៊ឺក សមាជិកអចិន្រ្ដៃយ៍គណៈលេខាមជ្ឈិមបក្សកុំម្មុយនីស្ដវៀតណាម និងគណៈកម្មាធិការជំនាញរបស់សភាវៀតណាមផ្សេងៗទៀតផងដែរ៕