អគ្គនាយិកា AKP៖ ការបង្កើតកម្មវិធីដំណើរទស្សនកិច្ចរបស់មន្ត្រីរាជការជានារី នឹងធ្វើឱ្យនារីកាន់តែមានកិច្ចសហការ និងមានសាមគ្គីភាពគ្នាល្អ

AKP កែប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ — ដើម្បីលើកទឹកចិត្ដដល់ស្រ្ដីជាមន្រ្ដីរាជការក្នុងទិវានារីអន្ដរជាតិ៨មីនា ឆ្នាំ២០១៩នេះ អគ្គនាយក ដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានបង្កើតកម្មវិធីដំណើរទស្សនកិច្ចរបស់មន្ត្រីរាជការ​​ជានារីប្រចាំឆ្នាំ ក្នុងការបង្កើតកម្មវិធីនេះ អគ្គនាយិកា នៃអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន​កម្ពុជាAKP បានចាត់ទុកដំណើរទស្សនកិច្ចនេះ  នឹងធ្វើឱ្យនារី កាន់តែមានសាមគ្គីភាពក្នុងកិច្ច សហការគ្នាល្អ និងពង្រីកចំណេះដឹងបន្ថែមទៀតលើវិស័យព័ត៌មាន បានកាន់តែទូលំទូលាយ ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នៅខេត្តកែប និងខេត្ដកំពតរបស់មន្ត្រីរាជការជានារី របស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP កាលពីថ្ងៃទី២៣-២៤ខែមីនា ឆ្នាំ ២០១៩ លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានមាន ប្រសាសន៍ថា ដំណើររទស្សនកិច្ចនេះ នឹងធ្វើឱ្យនារីមានសាមគ្គីភាព និងបានលំហែកាយ​បន្ទាប់​ពីនឿយហត់ពីការងារ ព្រោះថា ពីមួយឆ្នាំទៅមួយឆ្នាំអ្នកសារព័ត៌មានគ្មានថ្ងៃឈប់ សម្រាកនោះទេ។ លោកជំទាវបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ជាការសិក្សាឈ្វេងយល់ ពីការអភិវឌ្ឍតាមមូលដ្ឋានដើម្បីពង្រីកចំណេះដឹងលើវិស័យសារព័ត៌មាន។ លោកជំទាវអគ្គ នាយិកាក៏បានសំណូមពរឱ្យនារីជាអ្នកសារព័ត៌មានទាំងអស់គួរបង្កើននូវចំណេះដឹងលើផ្នែកផ្សេងៗបន្ថែមទៀត ព្រោះថា ការផលិតព័ត៌មានមិនមែនធ្វើតែព័ត៌មានតាមព្រឹត្ដិការណ៍ដែល កើតឡើងជា រៀងរាល់ថ្ងៃនោះទេគឺផលិតព័ត៌មានផ្សេងៗដូចជាការរៀបចំតំបន់ទេសចរណ៍ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានី ខេត្ដនីមួយៗ និងបញ្ហាជាច្រើនទៀតដែលអ្នកសារព័ត៌ មានគួរតែចាប់អារម្មណ៍។ លោកជំទាវបានបន្ថែមថា “យើងធ្វើព័ត៌មានមិនមែនធ្វើតែព័ត៌មាន តាមព្រឹត្តិការណ៍ រាល់ថ្ងៃអញ្ចឹងទេ យើងត្រូវតែមានការបង្កើនចំណេះដឹង គឺចំណេះដឹងទូទៅ ដូចជាតាមដំណើរ ទស្សនកិច្ចមើលដោយផ្ទាល់ មិនថាតាមសៀវភៅ អីនោះទេគឺត្រូវតែ​បង្កើន”។

ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី សាយ សុន អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេសនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ក៏ចង់ឱ្យមានកម្មវិធី ដំ ណើរទស្សនកិច្ចរបស់នារីជារៀងរាល់ឆ្នាំដែរដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាងនារី និងនារី ដើម្បីបង្កើននូវការចេះយល់យោគគ្នាទៅវិញទៅមក។ ទន្ទឹមនេះ លោកស្រីក៏​បាន សំណូមពរឱ្យប្រធាននាយកដ្ឋានទាំងអស់នៅក្នុងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPចូលរួមដំណើរទស្សនកិច្ចបែបនេះសម្រាប់ឆ្នាំក្រោយៗទៀតដើម្បីមានឱកាសបង្កើននូវភាពស្និទ្ធស្នាលរវាងមន្រ្ដីរាជការនារី និងបុរស ការពិភាក្សាគ្នា រកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យការ ផលិតព័ត៌មានក្នុងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កាន់តែដំណើរល្អប្រសើរ ថែម ទៀត៕

ដោយ គង់ សិរីរ័ត្ន