រលកយក្សស៊ូណាមីត្រូវបានប្រកាសអាសន្នសម្រាប់ ខេត្តចំនួន ៦ នៅប្រទេសថៃភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៤ ខែមីនា នាយកដ្ឋានទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បានចេញការព្រមានអំពីរលកយក្សស៊ូណាមីសម្រាប់ខេត្តចំនួន ៦ នៅភាគខាងត្បូង គឺខេត្តរ៉ានុង ខេត្តភូកេត ខេត្តផាំង៉ា ខេត្តក្រាប៊ី ខេត្តត្រាង និងខេត្តសាទុន បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅមហាសមុទ្រឥណ្ឌា។

ការព្រមាននេះបាននិយាយថា ការរញ្ជួយដីកម្រិត ៥.០រិចទ័រ បានវាយលុកតំបន់ជុំវិញប្រជុំកោះអានដាម៉ាន់នៃប្រទេសឥណ្ឌានៅវេលាម៉ោង ៦:២៩នាទីល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៣ ខែមីនា ហើយបន្ទាប់មកវាឡើងដល់កម្រិត ៥.២រិចទ័រនៅវេលាម៉ោង ៦:២៤នាទីល្ងាច ដែលមានចម្ងាយ ៦៣០គីឡូម៉ែត្រពីច្រាំងសមុទ្ររបស់ខេត្តភូកេត ប្រទេសថៃ។

នាយកដ្ឋាននេះបានស្នើសុំឱ្យខេត្តទាំង ៦ នេះ បន្តតាមដានស្ថានភាពក្នុងករណីមានការវាយប្រហារដោយរលកយក្សស៊ូណាមី។

កោះអានដាម៉ាន់ និងផ្នែកមួយនៃទឹកដីប្រទេសថៃ ធ្លាប់បានជួបនឹងការរញ្ជួយដីយ៉ាងខ្លាំង។ គួរកត់ សម្គាល់ថា ការរញ្ជួយដី និងរលកយក្សស៊ូណាមី បានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០០៤ ដែលបានសម្លាប់មនុស្សចំនួន ៥.០៧៨នាក់ និងរងរបួសចំនួន ៨.៤៥៧នាក់ នៅតំបន់ចំនួន ៦៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)