ក្រុមហ៊ុនចិន គ្រោងចំណាយទុន ១,៥លានដុ​ល្លា​​រអាម៉េរិក ដើម្បីថតភាពយន្តរឿង «ទេវតាការពារ» នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ -ក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការ ផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រធានា   ធិបតីចិន ក្រុមហ៊ុនចិនបានគ្រោងចំណាយទុនប្រមាណ១,៥លានដុ​ល្លា​​រអាម៉េរិកដើម្បីផលិតខ្សែភាពយន្តរឿង «ទេវតាការពារ» នៅកម្ពុជា ដោយបានជ្រើសរើសយកទីតាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាកន្លែងថត។

នេះជាវណ្ណកម្មរឿងដំបូងតំណាងឱ្យ«ឆ្នាំវប្បធម៌ទេសចរណ៍រវាងកម្ពុជា និងចិន» ហើយដំណើរការខ្សែ​ភា​ពយន្តរឿង«ទេវតាការពារ»នេះ ត្រូវបានសម្ពោធបើ​ក​ការថតជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍ទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមទាំងក្រុមការងារថតខ្សែភាពយន្តនេះជាច្រើនរូបទៀត​។

ក្នុងការថតខ្សែភាពយន្តរឿង «ទេវតាការពារ»នេះមានការចូលរួមសហការដោយក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន ZHONGSHI SHANGYIN International Culture Media Co., Ltd , WEENANT PICTURE , THINK & DO Culture Development Co., Ltd និង UNICORN INTERNATIONAL UNITED Media Co., Ltd និងមានការចូលរួមពីអ្នកផលិតចំនួន ៧ប្រទេស និងមានតួរសម្តែងមកពីបណ្តាប្រទេសផ្សេងៗគ្នាចំនួន ៩ប្រទេស ដឹកនាំសម្តែងដោយលោក Jimmy Henderson ដែលជាអ្នកដឹកនាំថតប្លង់ជួយសង្គ្រោះនៅក្រៅប្រទេស។ ក្នុងរឿងនេះដែរក៏មានការចូលរួមពីតារាសម្តែងល្បីៗជាច្រើនរូប ដូចជាលោក GU SHANG WEI តារាសម្តែងរង្វាន់មេដាយមាស លោក AN ZHI JIE តារាសម្តែងក្បាច់គុនហុងកុងជើងចាស់ លោក ZENG ZHI WEI និងលោក LI ZI XIONG រួមទាំងមានតារាសម្តែងជនជាតិខ្មែរដែលមានជំនាញក្បាច់ល្បុក្កតោ និងតារាសម្តែងជាច្រើនរូបផ្សេងទៀត។

ឯកឧត្តម សោម សុគន្ធ បានស្វាគមន៍ដោយក្តីសោម​នស្សរីករាយ ដែលបានភាគីចិនបានដាក់ទុនវិនិយោគខ្សែ​ភាពយន្តនេះនៅកម្ពុជា និងបានមើលឃើញពីទេសភាព ស្ថានភាព សម្បត្តិវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប ដែលមាននៅក្នុងប្រទេសកម្ពុជា  សម្រាប់ជ្រើសរើសជាទីតាំងថតផលិតខ្សែភាពយន្តមួយនេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏យូរលង់ណាស់មកហើយ។ បច្ចុប្បន្នទំនាក់ទំនងនេះបានក្លាយជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយធ្វើយ៉ាងណាឱ្យនយោយបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ឯកឧត្តមប្រធានាធិបតីចិន បានសម្រេច និងបានជោគជ័យថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងវប្បធម៌បានបន្តថា នៅគ្រប់បណ្តាប្រទេសទាំងអស់ តែ​ង​តែយល់ថា ភាពយន្តជាឧបករណ៍ដើម្បីទាក់ទាញផលប្រ​យោជន៍ខាងវប្បធម៌ និងនយោ បាយ ដូចនេះថ្នាក់ដឹកនាំប្រទេសទាំងអស់តែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ឧស្សាហកម្មភាពយន្តរបស់ខ្លួនឱ្យមានភាពរុងរឿង។ ដោយឡែកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ តែងតែបានជំរុញ និងចាត់ទុកផលិតករភាពយន្តជាកម្លាំងចលករ ក្នុងការអភិវឌ្ឍវិស័យភាពយន្តផងដែរ។ ក្នុងនាមក្រសួងវប្បធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងបានខិតខំធ្វើយ៉ាងណាឱ្យវិស័យភាពយន្តនេះមានការរីកចម្រើន។ ឯកឧត្តមក៏បានសំណូមពរឱ្យអ្នកវិនិយោគទុនខាងផលិតខ្សែភាពយន្តចូលមកផលិតខ្សែភាពយន្តឱ្យបានកាន់តែច្រើនទៀត នៅ​ក្នុងទឹកដីព្រះរាជាណា​ចក្រកម្ពុជា។ ជាមួយនេះក៏សូមអំពាវនាវផងដែរដល់អាជ្ញាធរដែនដី និងក្រុមការងារប្រតិបត្តិការដំណើរការថតវិស័យ​​ភាពយន្ត សូមជួយចូលរួមសហការសម្រួលដល់ការងារថតផលិតខ្សែភាពយន្តរឿង«ទេវតាការពារ»នេះ ប្រកប​ដោយភាពរលូន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈបានលើកឡើងថា ការផលិតភាពយន្តដើម្បីឈានទៅរកការអភិវឌ្ឍបាន គឺយើងត្រូវមានការសហការគ្នាក្នុងការផលិតរឿង ហើយការផលិតនេះមិនត្រឹមតែសហការគ្នាតែក្នុងបច្ចេកទេសនោះទេ គឺត្រូវមានទាំងតារាសម្តែងលាយឡំគ្នាថែមទៀតផង ដើម្បីអាចឈានទៅដល់ទីផ្សារអន្តរជាតិបាន។ ចំពោះភាពយន្តរឿង«ទេវតាការពារ»នេះមានសិល្បករជាច្រើនប្រទេសចូលរួមថត ដែលនេះវាពិតជាផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង«ទេវតាការពារ»នេះ ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធចិនដ៏ល្បីឈ្មោះ ដែលទទួលបានប្រជាប្រិយភាពខ្លាំង និងធ្លាប់ទទួលបានពានរង្វាន់និពន្ធឆ្នើមក្នុងការនិពន្ធរឿង Wolf Warrior2 គឺលោក កាវ យែន និងមានលោក ជាំង អ៊ីហាន ជាអ្នកដឹកនាំ   ផលិត។ សាច់រឿង«ទេវតាការពារ»នេះ នឹងបង្ហាញពីទិដ្ឋភាពក្នុងសង្គម ទាក់ទងបញ្ហាជួញដូរកុមារ ដោយរួមបញ្ចូលទាំងការប្រយុទ្ធក្បាច់គុណជាច្រើន លាយឡំជាមួយនឹងមនោសញ្ចេត នារបស់ឪពុក និងយុត្តិធម៌ និងភាពអង់អាចក្លាហានជាច្រើន ដែលឆ្លុះបញ្ចាំងឱ្យមហាជនគ្រប់រូបយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបក្រុមជនទុច្ចរិតជួញដូរកុមារតូចៗផងដែរ៕

ដោយ ប៉ាល់ សុង