នាវាទេសចរណ៍ធុនធំនាំភ្ញៀវទេសចរចូលមកទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ​ឆ្នាំ២០១៩ -ព្រឹកថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នាវាទេសចរណ៍បរទេសប្រភេទនាវាធុនធំ ០១គ្រឿង មានឈ្មោះ NORWEGIAN JEWEL  បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំង់ ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ NORWEGIAN JEWEL មានសញ្ជាតិ BAHAMAS បណ្តោយប្រវែង ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍មកពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ២០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។ នាវា NORWEGIAN JEWEL មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៧ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា NORWEGIAN JEWEL ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ២.៣៦៤នាក់ ស្រី ១.៣០២នាក់ មាន ៥៦សញ្ជាតិ និងមាន​នាវិកសរុបចំនួន ១.០៦៩នាក់ ស្រី ២៥១នាក់ មាន ៦០សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា NORWEGIAN JEWEL នេះ មានសញ្ជាតិច្រើនជាងគេ មានដូចជា USA  ៨៧៦នាក់  British  ៣២២នាក់ Canada ៣១៧នាក់ និងក្រៅពីនោះ មានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទៅទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ខេត្តកំពត តាមទីប្រជុំជនផ្សារ រមណីយដ្ឋាននានា តាមតំបន់មាត់សមុទ្រ ក្នុងក្រុងព្រះសីហនុ និងតាមតំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ  ។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ក៏មាននាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០ ចូលចតធ្វើទស្សនកិច្ចព្រះរាជាកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ។

ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវសមុទ្រ ក្នុងរដូវ ប្រាំងមានការកើនឡើង  ក៏ប៉ុន្តែនៅរដូវវស្សាការធ្វើដំណើរតាមផ្លូវសមុទ្រមានការថយចុះ ដោយសារការធ្វើដំណើរតាមផ្លូវសមុទ្រអាចជួបហានីភ័យនឹងព្យុះ ភ្លៀង  ៕

ដោយ ងូ សុមុនី