កូនកោងកាង និងកូននាងនួនប្រមាណជាង១៥.០០០ដើម ត្រូវបានដាំតាមដងវិថីក្នុងក្រុង និងតាមបណ្តោយអូរចុងឆ្នេរអូរឈើទាល

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ -លោក គីម ថៃស័រ ប្រធានភូមិបាលក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ថា ដោយគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំដាំកូនកោងកាង ចំនួន ១០.០០០ដើម នៅតាមបណ្តោយ អូរទឹកកខ្វក់ចុងឆ្នេរអូរឈើទាល ដើម្បីជួយកាត់បន្ថយទឹកកខ្វក់ មុននឹងហូរចូលសមុទ្រ និងដាំកូនឈើនាងនួននៅ អមសងខាងផ្លូវក្នុងក្រុង ៣ខ្សែ ក្នុងនោះមាន ផ្លូវឯករាជ្យ ផ្លូវ២ធ្នូ ផ្លូវ២៨មិថុនា និងដាំកូនឈើអមប្រឡាយអូរឈើទាល រហូតដល់ពយ០៣៩ (ពយប៉ុលសារឿន) មានប្រវែង ៣គីឡូម៉ែត្រ ។ ការដាំកូនឈើនាងនួនលើផ្លូវទាំង ៤ខ្សែនេះ អស់កូនឈើប្រមាណជាង ៤.០០០ដើម ជាប្រភេទឈើនាងនួន ហើយវានឹងអាចច្រើនលើសនេះថែមទៀត ។

លោកបានបញ្ជាក់ថា ការដាំកូនឈើរនៅតាមដងវិថីនានាក្នុងក្រុង និងដាំកូនកោងកាងតាមបណ្តោយអូរចុងឆ្នេរអូរឈើទាលនេះ គឺជាការណែនាំ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកែលម្អបរិស្ថាន សោ ភណភាព ភាពបៃតង និងជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ក្នុងក្រុងព្រះសីហនុ ។ ឆ្នេរសមុទ្រប្រទេសកម្ពុជា បានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១ ។

លោកប្រធានភូមិបាលក្រុងព្រះសីហនុបានបន្តថា ការដាំកូនឈើនេះដឹកនាំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ និងការងារអនុវត្តន៍ដាំដុះដោយភូមិបាលក្រុង សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ។ តាមការគ្រោងទុក និងជាចក្ខុវិស័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងបន្តដាំកូឈើនៅតាមដងវិថីនានាក្នុងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីប្រែក្លាយក្រុង ខេត្តព្រះសីហនុមានភាពទាក់ទាញ សោភណភាព បរិស្ថានល្អ ខ្សល់អាកាសបរិសុទ្ធ និងបៃតងជានិច្ច និងក្លាយជាតំបន់ទេសចរណ៍ តំបន់ឆ្នេរដ៏ស្រស់បំព្រងនាពេលខាងមុខ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ មានកំពង់ផែទឹកជ្រៅ ព្រលានយន្ដហោះអន្ដរជាតិ ដែលជាសក្តានុពលមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគ បង្កើនកំណើនសេដ្ឋកិច្ចសង្គម ។ សក្តានុពលទាំងនេះនាំឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុកក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានអគារពាណិជ្ជ សណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ រោងចក្រ សហគ្រាសកំពុងរីកដុះដាលយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កើតការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋថែមទៀតផង ។

សូមរម្លឹកថា ការដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋនៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះផងដែរ ៕

ដោយ ងូ សុមុនី