ប្រមុខរាជរដ្ឋាភិបាលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ -និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ១.២៤៥នាក់ ក្នុងនោះមាននារីចំនួន ៥​៧​២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវបានទទួលសញ្ញាបត្រពីស​ម្ដេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃ​​ចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិ​ទ្យា​​ស្ថានជាតិអប់រំ។

លោកស្រីសាកលវិទ្យាធិការ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួសញ្ញា​​ប​ត្រ​នា​ពេលនេះ អ្នកមានការងារធ្វើស្មើនឹង ៨០,៨០ភាគរយ ក្នុងនោះកម្រិតបរិញ្ញាបត្ររង ស្មើ​នឹ​ង​ ៧៨ភាគរយ កម្រិតបរិញ្ញាបត្រ ស្មើនឹង ៨១ភាគរយ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ១០០​ភាគរយ ដែលបានកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ ធនាគារ ភ្នាក់ងារទេស​ចរ​​​ណ៍ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិ អាជីវកម្មផ្ទាល់ខ្លួន និងកំពុងបន្តការសិក្សា។ លោ​កស្រីបានបន្តថា  សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា​មា​នឈ្មោះបោះ​សំឡេងមួយនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមយ៉ាងសកម្មជាមួយ​រាជរដ្ឋា​ភិ​បាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានអនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលដោយផ្តោត​ទៅលើ​គុ​ណ​ភាពជាចម្បង ស្របនឹងចក្ចុវិស័យរបស់ខ្លួនជា «សាកលវិទ្យាល័យអនុលោមតាមស្តង់ដារ​ជា​តិ តំបន់ (អាស៊ាន) និងអន្តរជាតិ»។

គួរបញ្ជាក់ដែរថា  ក្នុងឆ្នាំសិក្សា២០១៨-២០១៩សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PP​IU​​)  មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាប្រមាណ ៣.៩៧២នាក់ នារី ២.១​១​​​២​នាក់ ក្នុងនោះនិស្សិតបរទេសសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៤នាក់ (នារី ៨នាក់) មាន​ជន​ជាតិ​ថៃ ៥នាក់ នារី ៤នាក់ ឥណ្ឌូនេស៊ី ៣នាក់ នារី ២នាក់ ឡាវ ២នាក់ និងមីយ៉ាន់ម៉ា ៤នាក់ នារី២នា​ក់​។ ជាមួយគ្នានេះ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៩នាក់ នារី ៥នាក់ កំពុងសិក្សា​នៅ​សាកលវិទ្យាល័យដៃគូតាមរយៈអាហារូបករណ៍ EU-SHARE ដោយហេតុថា សាកលវិទ្យា​ល័​យ​ភ្នំពេញអន្តរជាតិ ត្រូវបានទទួលស្គាល់គុណភាព នៃការបណ្តុះបណ្តាលពីគណៈ​កម្មការ​វាយ​តម្លៃរបស់ EU-SHARE Program។ ដោយឡែកគិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់​ឆ្នាំ​​សិក្សា២០១៧-២០១៨កន្លងមកនេះ និស្សិតបញ្ចប់ការសិក្សាសរុបចំនួន ១០.០១៥នាក់ ក្នុង​នោះ​នារី ៣.៤៧៧នាក់៕

ដោយ ជឹម ណារី