ក្រសួងធនធានទឹកណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ ជាពិសេស ខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង​ សុភាវី​៖

ធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ ជាពិសេស ខ្យល់កន្ត្រាក់ហើយកំដៅអាចកើនដល់៣៦អង្សាសេ ក្នុងរយះពេល៣ថ្ងៃចាប់ពីចុងសប្តាហ៍នេះទៅ។
ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅរាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងមានភ្លៀងកក់ខែ អាចបង្កជាផ្គររន្ទះ និងខ្យល់កន្ត្រាក់និង កំដៅអាចកើនដល់៣៦អង្សាសេ ដែលទាមទារឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ឲ្យបានជាប់ជាប្រចាំ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា ការកើតឡើងនៃបាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបពីភាគខាងលិច និងនិរតី ជួបប្រសព្វនិងសម្ពាធខ្ពស់ពីតំបន់ខ្ពង់រាប។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា បាតុភូតនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា នៅបណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន២៥អង្សាសេដល់២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០អង្សាសេដល់ទៅ៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥អង្សាសេដល់តៅ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤អង្សាសេទៅ៣៦អង្សាសេផងដែរ។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា រលកកំដៅនៅទូទាំងប្រទេសកម្ពុជា នៅរដូវប្រាំង នឹងអាចឡើងដល់ជាង៣៦អង្សារសេ។ ក្រសួង បានអំពាវនាវឲ្យ ប្រជាពលរដ្ឋថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ ក្នុងអំឡុងពេលក្តៅហួតហែងនេះ៕