ប្រមុខរាជរដ្ឋាភិបាល ថា ផ្លូវល្បឿនលឿននៅកម្ពុជា នឹងក្លាយជាច្រកចេញ-ចូលសេដ្ឋកិច្ចដ៏ល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថា ផ្លូវល្បឿនលឿននៅកម្ពុជា នឹងក្លាយជាច្រកចេញ-ចូលសេដ្ឋកិច្ចដ៏ល្អប្រសើរ ក្នុងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងឧស្សាហកម្មទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី២២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ផ្លូវល្បឿនលឿននេះ ជាប្រព័ន្ធដឹកជញ្ជូនមួយដែលជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើនឡើង ដោយសារការធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវនេះ ចំណាយពេលវេលាតិច និងឆាប់រហ័ស ពិសេសឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ចពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោកផងដែរ។
«ផ្លូវមួយនេះ ខ្សែនេះ វាជារឿងមួយ ដែលយើងសង្ឃឹមជឿជាក់ថា នឹងរុញសេដ្ឋកិច្ចរបស់យើងភ្ជាប់ពីទីក្រុងភ្នំពេញ និងទៅតំបន់មាត់សមុទ្រ របស់កម្ពុជាឲ្យក្លាយជាច្រកនៃកំណើនសេដ្ឋកិច្ច។ នេះជាចំណុច ដែលយើងចង់បានមុននេះ! ខ្ញុំបាននិយាយថា យើងប្រើប្រាស់ច្រកកំណើនសេដ្ឋកិច្ចដោយតភ្ជាប់រវាងផ្លូវជាតិលេខ ៤ ជាមួយនឹងក្រុងព្រះសីហនុ រវាងទីក្រុងភ្នំពេញ តាមរយៈផ្លូវជាតិលេខ៤ គឺទៅកាន់ក្រុងព្រះសីហនុ។ ឥឡូវនេះ តាមរយៈផ្លូវជាតិលេខ៤នេះ ហើយថា កាលពីមុននេះមានវាលស្រែ ប៉ុន្តែឥឡូវនេះតំបន់ទាំងនោះបានក្លាយទៅជាតំបន់រោងចក្រ ក្លាយទៅជាតំបន់ដែលមានការដាំដុះយ៉ាងមមាញឹក។ សម្រាប់ផលិតកម្មរបស់ប្រជាជន បានក្លាយជាផ្លូវមួយខ្សែនេះថែមទៀត បានក្លាយទៅជាផ្លូវ គ្រាន់តែមិនមែនជាការដោះស្រាយបញ្ហាសំរាប់ទីក្រុងភ្នំពេញ និងទីក្រុងព្រះសីហនុទេ ក៏ប៉ុន្តែនេះ ក៏ជាផ្នែកដ៏សំខាន់នៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចទូទាំងប្រទេសរបស់យើងដែលក្នុងនោះតម្លៃដឹកជញ្ជូនដែលមុននេះធ្លាប់តែប្រើប្រាស់នូវពេលវេលាយ៉ាងយូរ។ យើងនឹងកាត់បន្ថយពេលវេលានោះ បើទោះបីជាផ្លូវនេះត្រូវមានការបង់ប្រាក់ ប៉ុន្តែសូមជួយគិតជាមួយគ្នា ការធ្វើដំណើររយៈពេល៥ម៉ោង ជាមួយនឹងផ្លូវដ៏លំបាកហើយស្ទះចរាចរណ៍ ជាមួយនឹងការធ្វើដំណើរដែលមានពេលរយៈវេលាត្រឹមតែ២ម៉ោងកន្លះ។ ដូច្នេះថ្លៃប្រេង និងថ្លៃបង់លុយនេះ ថ្លៃបង់លុយវាអស់តិចជាងតម្លៃប្រេង ហើយក៏ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនផ្លូវនេះ ធ្វើតាមរយៈសាងសង់ អាជីវកម្ម និងផ្ទេរ»៕