ក្រសួងព័ត៌មានស្វាគមន៏បើកការិយាល័យវិទ្យុសំលេងសហរដ្ឋអាមេរិកVOAនៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី ៖
ក្រសួងព័ត៌មាន នៅតែស្វាគមន៏ បើកការិយាល័យវិទ្យុសំលេងសហរដ្ឋអាមេរិកVOA ឡើងវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រួលដល់ដំណើរការ ការងាររបស់វិទ្យុVOA ក្នុងការធ្វើយ៉ាងណាអោយ អ្នកសារព័ត៌មានទាំងអស់បានបំពេញ កាតព្វកិច្ចរបស់ខ្លួនបានទៅដោយរលូន។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Mehmood Kazmi ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ US Agency for Global Media នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងនូវការស្វាគមន៏ ហើយឯកឧត្តម បានបញ្ជាក់ដែរថា ក្នុងរយះពេលកន្លងមកនេះ ក្រសួងព័ត៌មានកម្ពុជា មានជំហរ តែងតែមានការសម្រួល ដល់ដំណើរការ របស់វិទ្យុVOA ក្នុងការធ្វើយ៉ាងណាអោយ អ្នកសារព័ត៌មានទាំងអស់បានបំពេញកាតព្វកិច្ច របស់ខ្លួនបានទៅដោយរលូន។ 

ឯកឧត្តម បានបន្តទៀតថា ទាក់ទងនិងបញ្ហាពន្ធដារ ជាមួយវិទ្យុVOA គឺជារឿងផ្សេងដាច់ដោយឡែក ពីក្រសួងព័ត៌មាន ប៉ុន្តែបើតាមដឹងVOA បាននឹងកំពុងតែ ធ្វើកិច្ចការនេះជាមួយខាងពន្ធដារ៕