រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat ជា​ខេមរភាសា​

AKP ភ្នំពេញ ថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០១៩ -​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានស្នើឱ្យុគណៈប្រតិភូមូលនិធិហ្សិនចិននៃសា​ធារណ​រដ្ឋប្រជា​មានិតចិន ជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ WeChat ជាខេមរភាសា ជាមួយ​ក្រុមហ៊ុនថេនសេន (Tencent) ដែលជាស្ថាបនិកកម្មវិធី WeChat ដើម្បីពង្រឹងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន នៅក្នុងប្រទេស កម្ពុជា។ ការស្នើសុំនេះ គឺបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយ​គណៈប្រតិភូ​មូលនិធិហ្សិនចិន (Shenzhen) ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ តៅ យីតៅ (Tao Yitao) អនុប្រធានមូលនិធិហ្សិនចិន កាលពី​ថ្ងៃព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៩។​ នេះបើយោង​តាម​ការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបគណៈប្រតិភូមូលនិធិ ហ្សិនចិន អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម(CTIS) ឆ្នាំ២០១៩-២០២៣ ដែលមានដាក់បញ្ចូលសេវាកម្ម ឧស្សា ហកម្មធុនស្រាល ពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ ឧស្សាហកម្ម ៤.០ ជាគោលដៅអាទិភាពសម្រាប់អភិវឌ្ឍន៍។ ឯកឧត្តមក៏​បានអំពាវនាវដល់មូល និធិហ្សិនចិន និងគណៈប្រតិភូទាំងអស់ សិក្សាលម្អិត និងជួយគាំទ្រកម្ពុជា តាមរយៈការធ្វើ ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយ សារ Shenzhen គឺជាតំបន់មួយ ដែលមានការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឈានមុខគេ នៅក្នុងផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម ជាពិសេសពាណិជ្ជកម្មតាម​អេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ចង់បានកម្មវិធីទូរស័ព្ទដៃ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់ ធ្វើការទំនាក់ទំនងគ្នា​គ្រប់ ទីកន្លែង ទូទាត់ចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដោយប្រើប្រាស់បាកូដ និង អាចទប់ស្តាត់ព័ត៌មានក្លែងក្លាយ (Fake News) នៅលើប្រព័ន្ធអ៊ិនធើណេតថែមទៀត។

លោកជំទាវ តៅ យីតៅ បានសន្យានាំយកសំណើរបស់ក្រសួងពាណិជ្ជកម្ម ទៅជម្រាប​ក្រុមហ៊ុនថេនសេន (Tencent) ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកម្មវិធី WeChat ជាខេមរភាសា សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍​វិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ​ លោកជំទាវបានលើកឡើងថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការ រវាងតំបន់ហ្សិនចិន និងព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាន លោកជំទាវ តៅ យីតៅ និងគណៈ​ប្រតិភូ បានចុះកិច្ចសន្យាផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥០គ្រឿង ដែលជាអំណោយរបស់សាកលវិទ្យាល័យហ្សិនចិន ជូនឯកឧត្តមរដ្ឋមន្ត្រី និង​ក្រសួងពាណិជ្ជកម្ម ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារនៅក្នុងក្រសួង និងនៅតាមមន្ទីរ​ពាណិជ្ជកម្ម​រាជធានីខេត្ត​៕​

ដោយ ទេស ច័ន្ទសុធារី