កម្ពុជាត្រៀមសាងសង់មជ្ឈមណ្ឌលសន្និសីទលំដាប់អន្តរជាតិនៅក្នុងខេត្តព្រះសីហនុដើម្បីបំរើឲ្យ កិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០២២

វិទ្យុជាតិកម្ពុជា​៖​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិថ្មីមួយនៅក្នុង ខេត្តព្រះសីហនុ ដើម្បីបំរើអោយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ខាងមុខ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២២ខែមីនានេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវសហការជាមួយក្រុមហ៊ុនចិន ដើម្បីឈានទៅសិក្សាសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅក្នុងខេត្តព្រះសីហនុធ្វើយ៉ាងណា អោយហើយនៅមុនចុងឆ្នាំ២០២២ ខណៈដែលកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។


សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា ការសម្រេចសាងសង់មជ្ឈមណ្ឌលសន្និសីទ អន្តរជាតិដ៏ធំទំនើបនៅក្នុងខេត្តព្រះសីហនុនេះ ដោយសារតែខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះមិនទាន់មានសាលសន្និសីទដែលបំរើអោយកិច្ចប្រជុំធំៗ សម្រាប់តំបន់ និងពិភពលោក។
សម្តេចតេជោបន្តថា មជ្ឈមណ្ឌលសន្និសីទអន្តរជាតិដ៏ធំទំនើបនៅក្នុងខេត្តព្រះសីហនុនេះ នឹងត្រូវស្ថាបនារួចរាល់តាមការគ្រោងទុក រួមទំាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀតដូចជាព្រលានយន្តហោះកងកេងក្នុងខេត្តព្រះសីហនុ និងសណ្ឋាគារជាដើមដែលអាច ទទួលស្វាគមន៍គណៈប្រតិភូអញ្ចើញចូលរួមក្នុងកិច្ចកំពូលប្រជុំអាស៊ាននិងដៃគូរពាក់ព័ន្ធនាចុងឆ្នាំ២០២២ ហើយនឹងធ្វើឲ្យពួកគេកាន់តែស្គាល់ពីសក្តានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុនេះ។
សម្លេង«ខ្ញុំចង់ប្រជុំអាស៊ាននិងដៃគូពាក់ព័ន្ធនៅក្រុងព្រះសីហនុនៅចុងឆ្នាំ២០២២ អញ្ចឹងទេយើងអាចធ្វើទាន់អាចធ្វើទាន់ព្រោះព្រលានយន្តហោះកងកេងត្រូវក្រុមហ៊ុនវ៉ាងស៊ី បានធានារ៉ាប់រងថានឹងធ្វើឲ្យរួចរាល់នៅក្នុងរង្វង់ឆ្នាំ២០២១ឬដើមឆ្នាំ២០២២។
ចឹងយន្តហោះធំៗដែលមកពីឆ្ងាយរាប់ទាំងប្រធានាធិបតីអាមេរិកមកប្រជុំនៅប្រទេស របស់យើងក៏អាចមកបាន។ប៉ុន្តែនៅក្រុងព្រះសីហនុអត់ទាន់មានមជ្ឈមណ្ឌលសន្និសិតអន្តរជាតិទេអញ្ចឹងទេទៅសហការជាមួយក្រសួងការបរទេសត្រូវធ្វើយ៉ាងម៉េចដើម្បីអ្នកណាទៅប្រជុំយ៉ាងម៉េចអីយ៉ាងម៉េចដូចនៅវិមានសន្តិភាពចឹងនៅភ្នំពេញ។ យើងខ្ញុំគិតថាឆ្នាំ២០២២ប្រជុំរវាងអាស៊ានគ្នាឯងនៅក្នុងខែមេសាប្រជុំនៅសៀមរាបដល់ទៅប្រជុំអាស៊ាននិងដៃគូគឺប្រជុំនៅក្រុងព្រះសីហនុទៅវិញព្រោះយើងប្រជុំនៅភ្នំពេញពីរដងហើយធ្វើប្រធានអាស៊ានពីរដងហើយប្រជុំនៅភ្នំពេញឥឡូវគប្បីឲ្យសៀមរាបបានទទួលមួយផ្នែកនិងក្រុងព្រះសីហនុបានទទួលមួយផ្នែក៕