ក្រសួងវប្បធម៌អះអាងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត មិនធ្វើឱ្យ អ្នកទស្សនាខកបំណង

AKPភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ -ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះ ត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាព ពណ៌ មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់ កាលពី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី។ នេះបើតាមការចេញផ្សាយ​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានលើកឡើងថា ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទ អង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ស្ងើច សរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទ អង្គរវត្ត។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើត មាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះ ជាអច្ឆរិយការណ៍ របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើ ឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺឈ្វេងយល់អំពីទំនាក់ទំនងរវាងសំណង់ ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូត ហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាង ប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ បា្រសាទអង្គរវត្តត្រូវបានស្ថាបនាទ្បើងដោយមានការសិក្សា គន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះក៏ជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះ សំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕

ដោយ គង់ សិរីរ័ត្ន