សម្ដេចតេជោ ហ៊ុន សែន៖ យើង​ចាំបាច់​ត្រូវ​បន្ត និង​រួម​គ្នា​យកចិត្តទុកដាក់​លើ​បញ្ហាជំងឺរបេង​ ដោយ​យើង​មិនអាចមើលរំលង​ចំណុចសេសសល់​បាន​ឡើយ

AKP ភ្នំពេញ ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ ២០១៩​​ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យើង​ចាំបាច់​ត្រូវ​បន្ត និង​រួម​គ្នា​យកចិត្តទុកដាក់​លើ​បញ្ហាជំងឺរបេង​ ដោយ​យើង​មិនអាចមើលរំលង​ចំណុចសេសសល់​បាន​ឡើយ​ ដើម្បីបន្ត​លើកកម្ពស់​សុខភាព គុណ​ភាពនៃការរស់នៅ​សេចក្តីថ្លៃថ្នូរ​របស់ ប្រជា​ពលរដ្ឋយើង​។

ក្នុងសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធ​ទិវាពិភព​លោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ប្រសិនបើ​ប្រជាពល រដ្ឋ​​មាន​សុខុមាលភាព​ល្អនឹង​នាំឱ្យមាន​ជីវភាពរស់នៅ​ល្អប្រសើរ​ មាន​លទ្ធភាព​ខ្ពស់លើការ​បង្កើន​ចំណេះដឹង​ បង្កើន​ផលិត​ភាពដែលនាំ​មកនូវ​ភាព​រីកចម្រើនរុងរឿង​។​

ក្នុងសារលិខិតបានបញ្ជាក់ថា ​ទិវា​ពិភពលោក​កម្ចាត់រោគរបេង​​ នឹងប្រារព្ធឡើងនៅថ្ងៃទី​២៤ ខែ​មីនា​ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “ដល់​ពេល​ដែល​ត្រូវរួមគ្នា​បញ្ចប់​ជំងឺរបេង​” ដើម្បី​បន្ត​ជំរុញ​ និង​យក​ចិត្ត​ទុកដាក់​បន្ថែមទៀត​ ក្នុង​ការ​លើ​កកម្ពស់​​សុខភាព​របស់​ប្រជាជន​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​​ និង​បំផុស​ការយល់​ដឹង​ ការ​យកចិត្តទុកដាក់​ក្នុងការប្រយុទ្ធ​នឹង​ជំងឺរបេង​ ផ្សព្វ​ផ្សាយ​​​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់អំពីផលវិបាក​​នៃ​ជំងឺរបេង​ សំដៅចូលរួម​ចំណែក​លើក​កម្ពស់​សុខុមាល​ភាពសង្គម​ ព្រមទាំង​លើកម្ពស់​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូររបស់​សង្គម​ជាតិ​ទាំង មូល​។​

សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា​ សម្តេច​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះគ្រប់សកម្ម ភាព​ទាំងអស់​ដែលបាន និង​កំពុង​អនុវត្តន៍​ក្នុងការជំរុញ​ និង​បំផុស​ការយល់​ដឹង​ជា​សាធារណៈ​ ការយល់​ដឹង​ឱ្យកាន់តែ​ទូលំទូលាយ​នៅទូទាំង​​ប្រទេស​ ជា​ពិសេស​​នៅតាមទីជនបទ ដើម្បី ផ្លាស់ប្តូរ​ផ្នត់គំនិត​ និង​ទម្លាប់ប្រជា​ពលរដ្ឋក្នុងការ​រើសអើង​អ្នក​ជំងឺរបេង និង​ការប្រតិបត្តិ​លើ ការរស់នៅ​គឺ ហូបស្អាត ផឹកស្អាត និង​រស់នៅស្អាត ដើម្បី​គេចចេញពី ជំងឺនេះ ​​ក៏ដូចជា​ស្វែង រកការ​ថែទាំព្យាបាល​ទាន់ពេលវេលា​ ពីព្រោះ​ជំងឺនេះ​បាន​ធ្វើ​ឱ្យមនុស្ស​មាន​ការខាតបង់​យ៉ាង ច្រើន​រួមទាំងអាយុ​ជីវិត​ និង​ផលសេដ្ឋកិច្ច​។​ កិច្ច​ការ​នេះ​នឹង​រួម​ចំណែក យ៉ាង​សកម្មផុសផុល​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺរបេងនេះ។​

ទន្ទឹមនឹងនេះ​ ព្រះរាជាណាចក្រកម្ពុជាបាន​សម្រេច​សមិទ្ធផលគួរជាទីមោទនៈ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺរបេងនេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ ជារួម​លទ្ធផល​ដ៏គាប់​ប្រសើរ​បាន​កើតចេញពី​កិច្ច​ខិតខំប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជាតិ​ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ពង្រីក​សេវាពិនិត្យ​ និង​ព្យាបាល​ជំងឺរបេង​តាមយុទ្ធសាស្ត្រ​ដូតស៍​នៅគ្រប់មន្ទីរពេទ្យ​បង្អែក​ មណ្ឌល​សុខភាព ប៉ុស្តិ៍សុខភាព​ទាំងអស់ រួមទាំងថ្នាក់​សហគមន៍​ផងដែរ​នៅទូទាំង​ប្រទេស។​

សម្ដេចតេជោបានបន្ដថា​​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការស្រាវជ្រាវ​ និង​ព្យាបាលជំងឺ​របេងជូន​ប្រជាជន​ដោយ​ឥតបង់ថ្លៃ​ ដែល​កិច្ចការនេះ​មាន​ការរីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ និង​ជា​ហេតុធ្វើ​ឱ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺរបេង​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ក្នុង​អត្រា​ស្លាប់​បាន​ថយចុះ​ពី​៤២ករណី​ ក្នុង​ចំណោម​ប្រជាជន​១០០.០០០នាក់​ នៅឆ្នាំ​២០០០ មក​ដល់​១៩ករណី​ ក្នុង​ចំណោម​ប្រជាជន​១០០.០០០នាក់​ ក្នុង​ឆ្នាំ​២០១៧​ ដែលមាន​អត្រា​ធ្លាក់ចុះ​ស្មើនឹង​៥៥ភាគរយ។​ រីឯ​អត្រា​កើ​តមានជំងឺថ្មី​ (អាំងស៊ីដង់​) បានធ្លាក់ចុះ​ពី៥៧៥​ករណី​ ក្នុង​ចំណោម​ប្រជាជន​១០០.០០០នាក់​ នៅឆ្នាំ​២០០០ មក​ដល់​៣២៦​ករណី​ ក្នុង​ចំណោម​ប្រជាជន​១០០.០០០នាក់​ ក្នុង​ឆ្នាំ​២០១៧​ ​ស្មើនឹង​៤៣ភាគរយ​​ នៅចុង​ឆ្នាំ​២០១៧។ កម្ពុជា​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ ពាក់ព័ន្ធនឹង​អត្រាឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​នេះ​រួចហើយ​ នៅមុនកាល​កំណត់​៤ឆ្នាំ​។​ ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​កម្ចាត់​ជំងឺរបេង​ គឺជា​ស្នាដៃ មួយ​ដែលមានប្រទេស​ក្នុង​ចំនួន​តិច​តួច​ប៉ុណ្ណោះ​អាចសម្រេចបាន។​

តែទោះបីយ៉ាងណាក្កី​ ​ប្រទេសកម្ពុជា​នៅមានអត្រាឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺរបេង​ខ្ពស់នៅឡើយ​ បើប្រៀបធៀប​នឹង​បណ្តាប្រទេស​មួយចំនួនទៀត​ និងនៅមាន​មនុស្ស​ច្រើននៅ​ឡើយ​ដែលនៅតែ​មិន​ដឹងថា​គេ​មាន​មេរោគរបេង។​ បញ្ហានេះ​តម្រូវ​ឱ្យ​កម្ពុជា​បន្ត​កិច្ច​ខិតខំប្រឹង​ប្រែង​បំពេញការងារ​បន្ថែមទៀត​ ដើម្បីកាត់បន្ថយ​ឱ្យបាន​ច្រើន​ថែមទៀត​ នូវអត្រាឈឺ និង​ស្លាប់​ដោយ​សារជំងឺរបេង​ និង​ឈាន​ទៅលុបបំបាត់​ក្នុង​ទឹកដី​កម្ពុជា​។​

សម្តេ​ចតេជោបាន​សម្តែងភាពជឿជាក់យ៉ាង​មុតមាំ​ថា ​​ប្រធានបទដែល​លើកឡើងនៅ ក្នុង​ឆ្នាំនេះ​ ដែលបាន​សង្កត់​ធ្ងន់​ឱ្យពិភពលោក​ទាំងមូលត្រូវដាក់ទុន​ ព្រមទាំងរួមគ្នា​ដើម្បី​បំពេញ​កិច្ច​ការ​ច្រើន​ថែមទៀត​ ពិសេស​ដើម្បី​ជំរុញសេវាថែទាំ ព្យាបាលជំងឺរបេងជាសាកល​នៅគ្រប់​ទីកន្លែង​ និង​សម្រាប់ជន​គ្រប់រូប​ ដែល​តាម​ការ​ប៉ាន់ស្មាន​នៅក្នុង​ពិភពលោក​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រជាជនប្រមាណ​១០លាន​នាក់​ កើ​តជំងឺរបេង​ ប៉ុន្តែអ្នកជំងឺ​ប្រហែល​ ៣.៦០០.០០០​នាក់ ក្នុងមួយឆ្នាំ​ៗ ពុំ​ទាន់បាន​ទទួល​សេវា​ថែទាំ និង​ព្យាបាលនៅឡើយ។ លើសពីនេះទៀត​ ជំងឺរបេង​នៅតែ​ឆក់យកអាយុជីវិត​មនុស្ស​ក្នុង​មួយឆ្នាំ​ៗ​ប្រមាណ​១.៣០០.០០០នាក់​នៅ​ឡើយ​។​

សម្តេចតេជោ​រំពឹង​ថា​ ប្រធានបទនេះនឹង​សំដៅ​ស្រាវជ្រាវ​រកឱ្យឃើញ​ និងព្យាបាល​ឱ្យជាសះ​ស្បើយ​ដល់​អ្នកជំងឺ​៣.៦០០.០០០នាក់​ ដែលពុំទាន់បានទទួលសេវា​។ ដូច្នេះ​ យុទ្ធនា ការ​ទិវារបេង​ពិភពលោក​ឆ្នាំ​២០១៩ នឹង​បំផុស​ឱ្យមនុស្ស​ទាំងឡាយ​នៅលើ​សកល​លោក​ឱ្យ​ធ្វើ​សកម្មភាព​ដោយ​រួមគ្នា​ ដើម្បី​ឱ្យ​អ្នក​សង្ស័យ​កើ​តជំងឺរបេង​គ្រប់​គ្នា​ទទួលបាន​នូវ​ការធ្វើ​រោគ​វិនិច្ឆ័យ​ទាន់ពេលវេលា​ និង​ព្យាបាល​ជាសះស្បើយ​ ហើយនៅ​ថ្ងៃអនាគត​ យើងនឹង​ឃើញ​ពិភពលោក​មួយ​ដែលគ្មាន​ជំងឺរបេង​ និ​ងអ្នកស្លាប់​ដោយ​សារ​ជំងឺនេះទៀត។​

ជាមួយគ្នានេះដែរ សម្តេច​តេជោក៏បាន​ថ្លែងអំណរគុណ​ដល់ភាគីពាក់ព័ន្ធ​ទាំងក្នុង​ និង​ក្រៅ​ប្រទេស​ រួមទាំង​មន្ត្រី​បុគ្គលិក​សុខាភិបាល​នៅទូទាំងប្រទេស​ និង​ប្រជាជនគ្រប់រូប​ដែល​បាន​ចូលរួមចំណែក​ធ្វើ​ឱ្យ​សម្រេច​ជោគជ័យនូវសមិទ្ធផល​ការងារ​កម្ចាត់រោគរបេង​ក្នុង​ពេល​កន្លង​មក​​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ដល់​សកម្មភាពប្រយុទ្ធ​នឹង​ជំងឺរបេង​ក្នុង​ប្រទេសកម្ពុជា ក៏​ដូច​ជា​នៅ​ទូទាំងសកលលោក។​ សម្ដេចតេជោបានបន្ថែមថា គ្រប់​ក្រសួង​-ស្ថាប័ន​ ភាគីពាក់ ព័ន្ធ​ វិស័យ​ឯកជន​ អង្គការជាតិ-អន្តរជាតិ​ ដៃគូអភិវឌ្ឍន៍​ និង​ប្រជាពលរដ្ឋ​ទាំងអស់នឹង​បន្ត​ចូល រួម​ចំណែក​​ និង​គាំទ្រ​ដល់ការលើកកម្ពស់​ការងារលុបបំបាត់ជំងឺ​របេង​ ក្នុង​បុព្វហេតុមិនត្រឹមតែ​រួម​ចំណែក​លើកកម្ពស់​សុខុ​មាលភាពរស់នៅ​របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​ ឧត្តមភាព និង​កិត្យានុភាពរបស់​កម្ពុជាទៀតផង និង​ជឿជាក់ថា​កម្ពុជា​នឹង​ធ្វើ​ដំណើរឆ្ពោះទៅមុខ​លើ​មូលដ្ឋាន​មួយ​កាន់តែរឹងមាំ​ ទូលំទូលាយ​ និង​កាន់​តែមាន​ភាពម្ចាស់​ការ។​

លើសពីនេះទៀត​ សម្តេច​តេជោសូម​ឧទ្ទិស​ឱ្យខ្លឹមសារ​ និង​អត្ថន័យ​នៃទិវាពិភពលោក​កម្ចាត់​រោគរបេង​ ក្រោមប្រធានបទ “ដល់ពេល​ដែល​ត្រូវរួមគ្នា​បញ្ចប់ជំងឺរបេង​” ក្លាយ​ទៅជា​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​កម្ពុជា​អាចធ្វើដំណើរ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏ភ្លឺស្វាង ត្រចះត្រចង់​ និង​ជា​ទឹកដីមួយ​ដែល​គ្មាន​ជំងឺរបេង៕​

ដោយ​ ទេស​ ច័ន្ទសុធារី​