ក្រសួងបរិស្ថាន បើកកិច្ចប្រជុំអន្តរក្រសួងពិនិត្យ​និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង

AKPភ្នំពេញថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម​ដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន។ នេះបើយោងតាមការចេញ ផ្សាយរបស់ក្រសួង​បរិស្ថាន។

ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោង បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ម៉េងដា ហ្វូតវៀរ អ៊ីនដាស់ស្រ្ទីល (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយ តម្លៃ ហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា សាស្ទីណាត៍ ហ្រ្គីន។

ឯកឧត្តមបានបន្ដថា ក្រោយពីបានពិនិត្យ និង ពិភាក្សាអង្គប្រជុំបាន គាំទ្រលើគម្រោងបង្កើត រោងចក្រផលិតស្បែកជើង ក្នុងនោះ​ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ទាំងក្នុង និងជុំវិញ បរិវេណ​ទីតាំងរោងចក្រឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការ ជាមួយក្រុមហ៊ុនទីប្រឹក្សាដើមី្បបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាង អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង បរិស្ថាន ព្រមទាំងវត្តមានក្រសួងពាក់ព័ន្ធជាច្រើនចូលរួមផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ