សម្ដេចតេជោ ហ៊ុនសែន ៖ធ្វើជាមេដឹកនាំបក្សមួយបែរជាឲ្យអ្នកដទៃបំបែកបំបាក់បានគឺជាមេដឹកនាំទន់ខ្សោយបំផុត

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានចំអកឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង ថាធ្វើជាមេដឹកនាំបក្សមួយ បែរជាឲ្យអ្នកដទៃបំបែកបំបាក់បាន ដែលនេះបញ្ជាក់ថា ជាមេដឹកនាំបក្សទន់ខ្សោយបំផុត ។
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មេដឹកនាំអតីតបក្សប្រឆាំងនេះ អន់បំផុតដែលធ្វើឲ្យអ្នកក្រោមបង្គាប់ខ្លួនមិនទុកចិត្តលើការដឹកនាំ រហូតដល់បែកបាក់សាមគ្គីដោយខ្លួនឯង។ សម្ដេចតេជោ បានបញ្ជាក់ថា មានតែពួកអ្នកប្រឆាំងទេ ដែលដណ្តើមតំណែងគ្នា ប៉ុន្តែសម្រាប់សមាជិករបស់គណបក្សប្រជាជនកម្ពុជាវិញមិនដូច្នេះនោះទេ។
«គណបក្សនយោបាយមួយ អ្នកណាចង់ថាអីថាទៅ ឲ្យតែគណបក្សនយោបាយនោះសាមគ្គីគ្នាទៅវាចប់រឿងហើយ វាអត់អីទេ ហើយការលូកដៃណាមួយ បំផ្លាញ កន្លងទៅអំពាវនាវឲ្យក្នុងគណបក្សផ្តួល ហ៊ុន សែន សុំទោស ហើយប្រហែលគណបក្សប្រជាជន គេធ្វើមិនបានទេ ព្រោះគេត្រូវការតួនាទីរបស់ហ៊ុន សែន ដើម្បីបន្តការដឹកនាំបក្សនេះ។ សូមកុំភណ្ឌច្រឡំ មានតែពួកអ្នកទេ ដែលដណ្តើមគ្នាធ្វើធំរហូតដល់បក្សប្រហារ ប៉ុន្តែរឿងគណបក្សប្រជាជន មិនដូច្នេះទេ ។ គេមិនដណ្តើមគ្នាធ្វើប្រធានបក្សឬក៏ធ្វើមេដឹកនាំបក្សនោះទេ។ ខ្ញុំមិនចង់និយាយបញ្ហារបស់គណបក្សប្រជាជនទេ ប៉ុន្តែខ្ញុំចង់ប្រដៅទៅពួកគេវិញតែប៉ុណ្ណោះសូមអ្នក កុំគិតតែរឿងគេបំបែកបាក់ អ្នកកុំបែកបាក់ទៅ វាចប់រឿងហើយ ខ្ញុំជួយអប់រំអ្នក តម្លៃដែលអ្នកនិយាយថាឲ្យគេបំបែកបាក់ ហ៊ុន សែន អ្នកមិនសាកសម មិនត្រឹមតែធ្វើមេដឹកនាំប្រទេស សូម្បីតែ ដឹកនាំកូនបក្សមួយធ្វើមិនកើតផង ធ្វើឲ្យបក្សបែកបាក់។ ត្រូវដឹងពេលបក្សបែកបាក់ អ្នកត្រូវទទួលខុសត្រូវមុនគេ ប្រធានបក្សហ្នឹងតែម្តង។ ឥឡូវដូចជា គណបក្សប្រជាជន បើសិនជាគណបក្សប្រជាជនបែកបាក់ អ្នកណាទទួលខុសត្រូវមុនគេ គឺ ហ៊ុន សែន ទទួលខុសត្រូវមុនគេ។ មកពីហ៊ុនសែនខ្វះសមត្ថភាព ទើបធ្វើឲ្យបក្សបែកបាក់ និងទទួលយកការទទួលខុសត្រូវ
ពាក្យខ្មែរយើងល្អណាស់ ទទួលខុសនិងត្រូវ ចឹងកុំយកតែអាត្រូវ យកអាខុសផង។ ដំបូងបំផុតត្រូវពិនិត្យអ្វីជាការខុស ពាក្យទទួលខុសត្រូវ ពីរម៉ាត់ជាប់គ្នាទាំងអស់ កុំឃើញអាត្រូវទទួលយក អាខុសទម្លាក់ឲ្យអ្នកដទៃ។ ចឹងពួកហ្នឹងនៅក្រៅមួយចំនួន អាត្រូវវាទទួលយក អាខុសវាទម្លាក់ឲ្យគណបក្សប្រជាជន រាប់ទាំងការបែកបាក់ក្នុងបក្ស វាក៏បន្ទោសឲ្យគណបក្សប្រជាជន ជាអ្នកបែកបាក់ ចឹងអានេះធុនអន់បំផុត»៕