រដ្ឋសភាជ្រើរើសបានបេក្ខជន១រូបឲ្យឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត
ភ្នំពេញ៖ រដ្ឋសភាជ្រើសរើសបានបេក្ខជនចំនួន១រូបឲ្យឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីឆ្នាំ២០១៩ដល់ឆ្នាំ២០២៨ដែលជ្រើសតាំងដោយរដ្ឋសភានីតិកាលទី៦ ដើម្បីដាក់ជូនអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងនៅពេលខាងមុខនេះ។
ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែមីនានេះ ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិកា និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់អ្នកសាព័ត៌មានថា បន្ទាប់ពីរដ្ឋសភាបានប្រកាសជ្រើសរើសពីថ្ងៃទី៥ដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០១៩ មានតែលោកជំទាវ លី វួចឡេងម្នាក់ប៉ុណ្ណោះ បានដាក់ពាក្យសុំធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
ឯកឧត្តម បន្តថា បន្ទាប់ពីពិនិត្យលក្ខណៈសម្បត្តិរបស់បេក្ខជនរូបត្រឹមត្រូវតាមច្បាប់កំណត់រួចមក អង្គប្រជុំសម្រេចជាឯកឆ័នជ្រើសរើសលោកជំទាវ លី វួចឡេង ជាបេក្ខភាព សមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីនេះ ជំនួសឯកឧត្តម មឹន ស៊ានដែលត្រូវបញ្ចប់អាណត្តិ ។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬ ជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ និង មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច។
ក្រុមប្រឹក្សាធម្មនុញគឺជាស្ថាប័នកំពូលមួយ មានចែងក្នុងរដ្ឋធម្មនុញ្ញសម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប ។ ប្រធានត្រូវបានជ្រើសតាំងតាមការ បោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត រៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើ នឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចយល់ព្រមសំណើរសុំប្រកាសទទួលស្គាល់ លោកជំទាវគឹម សុវណ្ណា ជាតំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញជំនួយឯកឧត្តម ប៉ា សុជាតិវង្សដែលបានសុំលាលែង។ ឯកភាពសំណើរជ្រើសតាំងឯកឧត្តម ប្រាជ្ញច័ន្ទ ជាមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ,ឯកភាពជ្រើសតាំងឯកឧត្តម ច័ន្ទ សុផលជាសមាជិក គណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារាសាធារណ និងបានឯកភាពលើសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦ ដោយប្រគល់ភារកិច្ចជួនអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើការបញ្ចូលសកម្មភាពថ្មីៗបន្ថែមទៀត រហួតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាពេលខាងមុខនេះ៕