ទឹកជំនន់ភ្លាមៗនិងការបាក់ដីនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សយ៉ាងហោច ១០៧នាក់ ,បាត់ខ្លួន ៩៣នាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — ពួកមន្ត្រីនិងពួកអ្នកជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់ពីទឹកជំនន់ភ្លាមៗ នឹងការបាក់ដីនៅក្នុងខេត្តប៉ាពួ ប្រទេសឥណ្ឌូណេស៊ីភាគខាងកើត មានលើសពី១០៧នាក់ កាលពីថ្ងៃពុធ ដោយឡែកការរុករកអ្នកបាត់ខ្លួន ៩៣នាក់ទៀតកំពុងផ្តោតទៅលើតំបន់មានមនុស្សរស់នៅដែលកប់ដោយភក់, កម្ទេចកំទី និងកំណាត់ឈើ ។

អ្នកនាំពាក្យប៉ុស្តិ៍ បញ្ជាការរួមសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះជាបន្ទាន់នៅឯខេត្តនោះលោក ដូលី សាមបូដូ បាននិយាយថា គ្រោះមហន្តរាយធម្មជាតិ ដែលវាយប្រហារស្រុក ហ្សាយ៉ាពូរ៉ា កាលពីចុងសប្តាហ៍ក៏បានធ្វើឱ្យមនុស្ស ៨៤ នាក់ របួសធ្ងន់ និង ៧៥ នាក់ទៀតរបួសស្រាល ។

អ្នកនាំពាក្យនោះបាននិយាយថា គ្រោះមហន្តរាយនេះក៏បានបង្ខំមនុស្ស ៩.៦៩១នាក់ ឱ្យភៀសខ្លួនចេញពីលំនៅឋាន នឹងទៅជ្រកនៅឯមជ្ឈមណ្ឌលជម្លៀសចំនួន២០ ដែលភាគច្រើននៃមជ្ឈមណ្ឌលនេះ គឺជាអាគារការិយាល័យរដ្ឋាភិបាល ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ តាមទូរស័ព្ទពីស្រុកហ្សាយ៉ាពូរ៉ា ថា ភ្លៀងនៅតែធ្លាក់ខ្លាំង ។ ការជ្រកនៅក្នុងអាគារនានា គឺល្អនៅក្នុងស្ថានការណ៍នេះជាជាងតង់ ។ យើងគ្រោងតម្រឹមចំនួនមជ្ឈមណ្ឌលឱ្យនៅត្រឹម ៦ ដើម្បីរៀបចំចែកចាយជំនួយ ។

តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឱ្យដឹងថា គ្រោះមហន្តរាយនេះ ក៏បានបំផ្លាញផងដែរ លំនៅឋាន សរុបទាំងអស់ ៣៥៧ ខ្នង , អាគារជាង ១០០, ស្ពាន៤, អាគារសាលរៀន ៨ , អាគារសាសនា ៥ នឹងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀត ។

ទឹកជំនន់ភ្លាមៗមានជារឿងៗ នៅក្នុងខេត្តប៉ាពួ ដែលនៅដាច់ស្រយាលប៉ុន្តែជំនន់ភ្លាមៗ មួយកាលពីល្ងាចថ្ងៃសៅរ៍ គឺស្ថិតនៅក្នុងចំណោមទឹកជំនន់ដែលអាក្រក់បំផុត ។  តាមទីភ្នាក់ងារនោះឱ្យដឹងថា ការបំផ្លាញព្រៃឈើនៅឯតំបន់ដើមទឹកខាងលើនៃទន្លេមួយត្រូវបានគេស្តីបន្ទោសថា ជាហេតុការណ៍ដែលកើតឡើងមួយនៃមហន្តរាយនេះ ។

ក្រសួងបរិស្ថានឥណ្ឌូណេស៊ី មានផែនការធ្វើការរៀបចំដី និងដាំដើមឈើឡើងវិញនៅក្នុងតំបន់នោះ ដើម្បីការពារកុំឱ្យមានការកើតឡើងវិញគ្រោះមហន្តរាយបែបនេះទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )