វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩​  — កាលពីថ្ងៃទី២០ ខែមីនា មន្ត្រីវៀតណាមមួយរូបបាននិយាយថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់   បណ្តាក្រសួង និងបណ្តាខេត្តនានាជាមួយតំបន់ស្វយ័ត Quangxi Zhuang របស់ប្រទេសចិន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើ  សេចក្តីថ្លែងការណ៍នេះនៅទីក្រុងហាណូយ ខណៈដែលទទួលស្វាគមន៍លោក Lu Xinshe លេខាបក្សខេត្ត Quangxi ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

នៅក្នុងជំនួបនេះ មន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចវិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងរវាង វៀតណាម និងចិន នាពេលថ្មីៗនេះ ព្រមទាំងបានស្នើសុំឱ្យបណ្តាខេត្តនានារបស់វៀតណាម និងខេត្តQuangxi បន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តវិធានការនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន កសិកម្ម និងទេសចរណ៍ ក្នុង លក្ខណៈមួយដែលមានតុល្យភាព និងនិរន្តភាព។

ភាគីទាំងពីរត្រូវបានណែនាំឱ្យពង្រឹងភាពជាដៃគូក្នុងការបើក និងកែលម្អច្រកព្រំដែន ដោយហេតុនេះភាគីទាំងពីរអាចសម្របសម្រួលការទូទាត់គយ និងការធានានូវការអនុវត្តឧបករណ៍តាមផ្លូវច្បាប់ទាំងបីនៅតាមបណ្តោយព្រំដែនវៀតណាម – ចិន។

ពួកគេក៏ត្រូវបានស្នើឱ្យបញ្ជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការការពារ និងការធ្វើអាជីវកម្មធនធានទេសចរណ៍នៅជុំវិញតំបន់ទឹកធ្លាក់ Ban Gioc រវាងវៀតណាម និងចិន។

ភាគីទាំងពីរត្រូវបានប្រគល់ភារកិច្ចធានាសន្តិសុខតាមព្រំដែនជាមួយគ្នា ឆ្ពោះទៅការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រវាងវៀតណាម – ចិន។

លោក Minh ក៏បានស្នើដល់ភាគីខេត្ត Quangxi ឱ្យជំរុញការនាំចូលផលិតផលកសិផល – ជលផលនិងទំនិញផ្សេងៗទៀតរបស់វៀតណាម ខណៈដែលកំពុងមានការលើកទឹកចិត្តដល់ក្រុមហ៊ុនអាជីវកម្មធំៗ  ក្នុងតំបន់ស្វយ័តឱ្យវិនិយោគនៅក្នុងប្រទេសវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)