វៀតណាម និងឈីលីសម្លឹងមើលការបង្កើនភាពជាដៃគូ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩​ — គណៈប្រតិភូការទូតដែលដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឈីលីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា និងបានរៀបចំកិច្ចពិគ្រោះនយោបាយលើកទី៦ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្រ្តី Son បានជួបសន្ទនាជាមួយអ្នកនាំពាក្យសភាតំណាងរាស្រ្តរបស់ឈីលី លោកស្រី Maya Fernandez Allende និងបានជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឈីលី លោក Roberto Ampuero Espinoza ។

លោកក៏បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នយោបាយមួយ ជាមួយអគ្គលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេសនៃក្រសួងការបរទេសឈីលី លោក Patricio Torres ផងដែរ។ បន្ទាប់មក លោកបានជួបអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឈីលី លោក Rodrigo Yanez ជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពឈីលី – វៀតណាម លោកស្រី Karol Cariola ជួបជាមួយប្រធានវិទ្យាស្ថានវប្បធម៌ឈីលី – វៀតណាម លោក Patricia Abrajua និងបណ្តាមន្រ្តីឈីលីដទៃទៀត។

នាឱកាសនោះដែរ លោកបានទៅដាក់កម្រងផ្កានៅទីរូបសំណាកលោកប្រធានហូជីមិញនៅក្នុងរដ្ឋធានី Santiago ប្រទេសឈីលី។ នៅឯកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរបានចែករំលែកភាពសប្បាយរីករាយរបស់ពួកគេចំពោះភាពជាដៃគូរវាងវៀតណាម និងឈីលី ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។

ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មានតម្លៃលើសពី ១ប៊ីលានដុល្លារអាម៉េរិក ដែលមានចំនួនទ្វេដងបើធៀបទៅនឹងឆ្នាំ ២០១៤ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងឈីលីបានចូលជាធរមាន។ ភាគីឈីលីបានសម្តែងការកោតសរសើរចំពោះសមិទ្ធផលរបស់វៀតណាម ក៏ដូចជាកិត្យានុភាពរបស់ប្រទេសនេះ ដោយបានចាត់ទុកប្រទេសវៀតណាមជាដៃគូដ៏សំខាន់មួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)