រាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានកសាងផ្លូវជាតិលេខ៥៥នៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ ស៊ឹង សុផារី

ពោធិ៍សាត់៖រាជរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋានកសាងផ្លូវជាតិលេខ៥៥ស្ថិតក្នុងខេត្តពោធិ៍សាត់ នាពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មាការិនីជាង១ម៉ឺននាក់នៅក្នុងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី ២០ខែមីនាឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ជាតិលេខ៥៥នេះគឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ដែលត្រូវតភ្ជាប់ពី ត្រង់ខេត្តពោធិ៍សាត់ ថ្មដា ទៅខេត្តកោះកុង និងបំបែកពីថ្មដា ទៅខេត្តបាត់ដំបង ប៉ៃលិន នឹងឆ្ពោះទៅព្រំដែនកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥៥នេះ នឹងជួយដោះស្រាយការលំបាកជាច្រើន​របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយភាពងាយស្រួល ធានាសុវត្ថិភាព និងលឿនរហ័សទាន់ចិត្ត ដោយមិនចាំបាច់ជិះវាងឆ្លងកាត់ រាជធានីភ្នំពេញទៀតឡើយ។

សំលេង ៖ ឥឡូវនេះទម្លាយផ្លូវមួយដែលពីមុននេះហៅថា៥៦តែឥឡូវនេះគេហៅថាផ្លូវ៥៥ទម្លាក់ចុះទៅដល់ព្រំ​ដែនថៃលេងឲ្យធំរួចហើយត្រៀមបើកការដ្ឋានដើម្បីកសាងផ្លូវភ្ជាប់ពីកោះកុងមកថ្មដារមកផ្លូវជាតិ៥៥ ហ្នឹងរួចហើយចុះទៅសំឡូតចុះទៅខាងប៉ៃលិនភ្ជាប់បាត់ដំបង» ។

លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការធារណការនិងដឹកជញ្ជូនខេត្តពោធិសាត់ បានប្រាប់វិទ្យុជាតិ​កម្ពុជាឲ្យដឹងថា គម្រោងកសាងផ្លូវគមនាគមន៍ពីខេត្តពោធិសាត់ទៅកាន់ខេត្តកោះកុងនេះ គឺបានដោះស្រាយ ការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ខណះ ដែលបច្ចុប្បន្នផ្លូវនេះជួបការលំបាកខ្លំាង ក្នុងការធ្វើដំណើរ ពិសេសនៅរដូវវស្សានគឺពុំអាចធ្វើដំណើរឆ្លងកាត់បានឡើយពីពោធិសាត់ទៅកាន់ខេត្តកោះកុង។

លោកបានអះអាងថា ការប្រកាសស្ថាបន័ផ្លូវជាតិលេខ៥៥នេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តទំាង២គឺខេត្តពោធិសាត់ និងខេត្តកោះកុង រួមទំាងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានការត្រេកអរយ៉ាងខ្លាំង ដោយសង្ឃឹមថា មានផ្លូវធ្វើដំណើរ​បានស្រួល ធានាសុវត្ថិភាពពុំចាំបាច់ ធ្វើដំណើរផ្លូវវាងទៀតឡើយ។

សម្លេង៖ មន្ទីរក៏ដូចជាប្រជាពលរដ្ឋដែរ គឺមានការសប្បាយខ្លាំងពីព្រោះយើងឃើញថាដំណើរការផ្លូវ និងមានសក្ដានុពល​ខ្លាំង ធ្វើអោយជីវភាពប្រជាពលរដ្ឋយើងមានការកើនឡើងយ៉ាងខ្លាំង ដីរាប់រយគីឡូម៉ែត្រកាត់ខេត្តពោធិ៍សាត់ ហើយយើងបាន ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ច្រើន បើបានផ្លូវទៅប្រជាពលរដ្ឋបានដឹកភោគផលកសិកម្ម និងមានទេសចរច្រើន ជីវភាពប្រជាពលរដ្ឋកើន នៅក្នុងទឹកដីនៅខេត្តពោធិ៍សាត់ ក៍ដូចជាប្រជាពលរដ្ឋដែលនៅ​ខេត្តដទៃទៀតដែលឆ្លងកាត់ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ ភ្ជាប់ផ្លូវពីខេត្តកោះកុង ឆ្លងកាត់ឃុំថ្មដា នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបងនេះមានប្រវែងជាង២០០គីឡូម៉ែត្រ ដែលមានតម្លៃប្រហាក់ប្រហែលជាង២០០​លាន​ដុល្លារអាមេរិក៕