លោក Honda មកដឹកនាំក្រុមជម្រើសជាតិU23កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះពូល H នៃព្រឹត្តិការណ៍ AFC U23 Championship 2020

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — បន្ទាប់ពីខកខានជាច្រើនប្រកួត ក្នុងការជួយដោយផ្ទាល់ដល់ក្រុមជម្រើសជាតិកម្ពុជា កាល ពេលកន្លងទៅនោះ លោក Honda គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅក្រុមបាល់ ទាត់កម្ពុជា បានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងការដឹកនាំហ្វឹកហាត់ក្រុមU23កម្ពុជា នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមខ្លួនទទួលធ្វើ ម្ចាស់ផ្ទះ សម្រាប់វគ្គជម្រុះក្នុងពូលH នាថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅ រាជធានីភ្នំពេញ នៃព្រឹត្តិការណ៍ AFC U23 Championship 2020។ជាធម្មតា ក្រុមU23កម្ពុជាត្រូវបានដឹកនាំហ្វឹកហាត់ដោយគ្រូបង្វឹកសញ្ញាតិអាហ្សង់ទីន Felix ប៉ុន្តែកាលពីថ្ងៃទី១៩ ខែមីនាម្សិលមិញនេះ គ្រូបង្វឹក និងអ្នកចាត់ការទូទៅ លោក Keisuke Honda ក៏បានមកដឹកនាំការហ្វឹកហាត់ផងដែរ ដោយបាន នាំយកគ្រូបរទេសពីររូប​មកពីតំបន់ អឺរ៉ុបមកជួយដល់ U-23 កម្ពុជា នៅក្នុងការប្រកួតជម្រុះក្នុងពូល H នេះ។

ម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ដែលស្ថិតក្នុងពូលH នឹងត្រូវប្រជែងជាមួយនឹងក្រុមខ្លាំងៗ ៣ផ្សេងទៀត រួមមាន៖ ក្រុមអូស្ត្រាលី, ​កូរ៉េខាងត្បូង និងឆៃនីសតៃប៉ិ។ សម្រាប់កម្មវិធីប្រកួត ត្រូវបានAFC ផ្លាស់ប្តូរម៉ោងប្រកួតទាំង៣ថ្ងៃ ដោយប្តូរពីម៉ោង៣ និង៣០នាទីទៅប្រកួតម៉ោង៥ ល្ងាច និងប្តូរពីម៉ោង៦និង៣០នាទីទៅប្រកួតនៅម៉ោង៨យប់វិញ ដោយសារបញ្ហាអាកាសធាតុ ក្តៅខ្លាំងនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីព័ត៌មាននៃ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា FFC។

សម្រាប់ការប្រកួតថ្ងៃបើកឆាករបស់ក្រុមម្ចាស់ផ្ទះ U23 កម្ពុជា នឹងត្រូវជួបក្រុម U23 អូស្ដ្រាលី មុនគេ នាថ្ងៃទី២២ ខែមីនា នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា សម្រាប់សំបុត្រ ចូលទស្សនាការប្រកួតនេះ គឺមានតម្លៃ១ម៉ឺនរៀល នៅ តំបន់មានកៅអី មានដំបូល និង៥.០០០រៀល តំបន់គ្មានដំបូង ដែលអាចទស្សនាបាន២ប្រកួត ក្នុងថ្ងៃតែមួយ៕

ដោយ ហេង ណាលីន