គម្រោងធ្វើផ្លូវកាត់ទន្លេសាបភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងត្រូវសាងសង់ក្នុងពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ាង ភក្តី
ភ្នំពេញ៖ គម្រោងធ្វើផ្លូវកាត់ទន្លេសាបភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងត្រូវសាងសង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវ៥០សេ ដែលឆ្លងកាត់ទន្លេសាប ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងប្រព័ន្ធដឹកជញ្ជូនពីតំបន់ភាគខាងជើងមកចំណុចកណ្តាលនៃប្រទេសកម្ពុជានេះ បានសិក្សាចប់រួចរាល់១០០ភាគរយហើយ ហើយនឹងឈានទៅរកការចរចាតម្លៃសាងសង់ ក្រោមគម្រោងកម្ចីសម្បទានពីរដ្ឋាភិបាលប្រទេសចិន បន្ទាប់ពីសម្រួលផែនការលើកគម្រោងអភិវឌ្ឍន៍៥ឆ្នាំរំកិល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហហិរញ្ញប្បទានក្នុងភាពជាដៃគូដើម្បីរៀបចំប្រព័ន្ធសេវាភស្តុភារឆ្លងដែនរបស់កម្ពុជា កាលពីថ្ងៃទី១៩ ខែមីនាម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងផ្លូវដែលមានចម្ងាយ៥៧គីឡូម៉ែត្រ ភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំងនេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏ដំខាន់ដែលភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទៅកាន់ច្រក និងតំបន់ពាណិជ្ជកម្មផ្សេងៗដូចជា ទៅកាន់ព្រំដែនកម្ពុជា-ថៃ រាជធានីភ្នំពេញ កំពង់ផែនអន្តរជាតិក្រុងព្រះសីហនុ ដោយសារនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនដែលមានស្រាប់ដូចជា ការដឹកជញ្ជូនតាមផ្លូវរថភ្លើង ការដឹកជញ្ជូនតាមផ្លូវទឹក ការពង្រីកផ្លូវជាតិលេខ៥ពីចំនួន២គន្លងទៅ៤គន្លង និងគម្រោងដាក់ឲ្យប្រើប្រាស់ឡើងវិញនូវព្រលានយន្តហោះដែលមានស្រាប់នៅក្នុងខេត្តនេះ។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានដាក់កម្មវិធីវនិយោគ៥ឆ្នាំរំកិលទៅខាងភាគីចិន ដើម្បីស្នើសុំថវិកាប្រាក់កម្ចីសម្បទានមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ហើយក្នុងគម្រោងសាងសង់ផ្លូវកាត់ទន្លេសាបនេះ នឹងត្រូវលើកជាអាទិភាព ដោយរំកិលគម្រោងមួយចំនួនមកថយក្រោយវិញ។

យោងតាមការសិក្សាជាលក្ខណៈអន្តរក្រសួង បានបង្ហាញថា គម្រោងសាងសង់ផ្លូវ៥០សេ ភ្ជាប់ពី ក្រុងស្ទឹងសែន ខេត្តកំពង់ធំមកកាន់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយឆ្លងកាត់ទន្លេសាបនេះ នឹងត្រូវសាសង់ស្ពានធំមួយមានប្រវែង៤គីឡូម៉ែត្រ និងស្ពានចំនួន៥ទៀត ដោយក្នុងស្ពាននីមួយៗមានប្រវែងពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ព្រមទាំងរៀបចំលូប្រអប់ចំនួន១៥៩កន្លែងទៀត ក្នុងគម្រោងចំណាយសរុបប្រមាណ២៥០លានដុល្លារអាមេរិក។
គម្រោងអភិវឌ្ឍន៍ផ្លូវសេដ្ឋកិច្ចមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ដោយបង្កើតឲ្យមានអន្តរក្រសួង ដើម្បីរួមគ្នាចុះសិក្សាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋអំពីផលប៉ះពាល់ជាក់ស្តែង មុននឹងឈានដល់ការសាងសង់តែម្តង៕