សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងចេញនៅពេលឆាប់ៗខាងមុខនេះហើយ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នឹងចេញនៅពេលឆាប់ៗខាងមុខនេះ ក្រោយពីក្រុមអ្នកច្បាប់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីជាប្រយោជន៍ដល់សាធារណជន និងសង្គមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង លើកទី២ ដើម្បីពិនិត្យឡើងវិញលើសេចក្តី ព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅថ្ងៃទី២០ ខែមីនានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឲ្យដឹងថា មកទល់ពេលនេះ សេចក្តីព្រាងច្បាប់នេះ បានកែសម្រួលខ្លឹមសារនៅតាមជំពួកនីមួយៗ ដើម្បីស្របតាមទម្រង់ និងគតិយុត្តនៃច្បាប់ មុននឹងបញ្ជូនទៅទីស្តីគណៈរដ្ឋមន្រ្តី ពិនិត្យ និងសម្រេចអនុម័តជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ។
បើតាមការឲ្យដឹងរបស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងពន្លឿនសេចក្តីព្រាងច្បាប់នេះ បានកាន់តែលឿន និងកាន់តែល្អប្រសើរឡើង ដើម្បីឲ្យទទួលបានពីគ្រប់ភាគីពាក់ព័ន្ធ។
សម្លេង៖យើងនឹងធ្វើឱ្យច្បាប់សិទ្ធិទទួលព័ត៌មានរបស់យើងកាន់តែល្អឡើង ពីព្រោះបានទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដោយសារបន្ទាប់ពីយើង ទទួលយក ជាគោលពីអង្គការសង្គមស៊ីវិល ពីសមាគមរក្សាព័ត៌មានហើយ លើកនេះយើងបានទទួលធាតុចូលពាក់ពន្ធ័និងភារកិច្ចមួយចំនួន របស់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ វាមិនមែនជាការលំបាកទេ អ្វីដែលផ្ដល់ឱ្យ ចូលនោះគឺជាការកែលម្អ ឲ្យគ្រប់ជ្រុងជ្រោយ ឱ្យច្បាប់ដែលយើងចេញមកអាចអនុវត្តបាន យើងឃើញថាការពិភាក្សាគ្នាដូចមានការតឹងតែងទៅលើចំនុចមួយចំនួន ប៉ុន្តែចំណុចទាំងអស់នេះគឺពិភាក្សាគ្នា រកចំណុចកែលម្អទេ មិនមែនជាការលំបាកទេ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាលទ្ធផលនៃការអភិវឌ្ឍ ក្របខណ្ឌគតិយុត្ត របស់ រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់គោលនយោបាយ នៃការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល និងអភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីព្រាងច្បាប់ ដែលមាន៩ជំពួក និង៣៨មាត្រានេះ នឹងបម្រើផលប្រយោជន៍ដល់ការដោះស្រាយបណ្តឹង ស្តីពីការស្នើសុំព័ត៌មាន សម្រាប់បំរើការងារសាធារណៈ និងផ្លូវច្បាប់នានា។
រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មាន រៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដោយប្រមូលផ្តុំមតិយោបល់ពីក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានអាជីព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីឲ្យស្របតាមគំរូពីបណ្តាប្រទេសក្នុងអាស៊ាន ដែលមានលក្ខណៈបើកទូលាយ៕