សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីពីការជួយបង្កលក្ខណៈដល់មន្ត្រីអតីត គណបក្សប្រឆាំង ដែលសុំនីតិសម្បទាខាងនយោបាយឡើងវិញ

AKP ពោធិ៍​សា​ត់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​បញ្ជា​​​ក់សាជាថ្មី អំពីការជួយបង្កលក្ខណៈដល់មន្ត្រីអតីតគណបក្សប្រឆាំងដែលសុំនីតិសម្ប​ទា​​ខា​ង​​​នយោបាយឡើងវិញ ដើម្បីស្នើថ្វាយព្រះមហាក្សត្រ ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែល​ច្បា​​​ប់​បានប្រគល់ការងារនេះឱ្យ។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជាង​១ម៉ឺននា​ក់​នៅ​ខេ​ត្ត​ពោធិ៍សាត់ ដែលធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២​៥៦​២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅភូមិវាលវង់ ឃុំស្នា​អន្សា​ ស្រុកក្រគរ ខេត្តពោធិ៍​សា​ត់ សម្ដេចតេជោមានប្រសាសន៍ថា មានអ្នកបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ពីម៉ុង​រ៉េ​អា​ល់ សហរដ្ឋអាមេរិកមកថា អ្នកដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ ត្រូវបានទិញពី១០ម៉ឺន ទៅ២០ម៉ឺនដុល្លារអាម៉េរិក ហើយបើអ្នកនោះទៅទាញមនុស្សបានទៀត ត្រូវបន្ថែម ២ ឬ៣ម៉ឺន​ដុ​ល្លា​រអា​ម៉េរិក​ថែមទៀតផងដែរ។ រឿងនេះខ្ញុំសូមផ្ដាំទៅ អ្នកកុំចាត់ទុកអតីតសហការីរបស់អ្នក ជា​ទំនិញលក់ដូរឱ្យសោះ កុំមើលស្រាលអ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិ​ន​យោ​បាយដើម្បីសេរីភាពរបស់គេ ក្លាយជាទំនិញដែលហ៊ុនសែនត្រូវទិញ។

សម្ដេចថ្លែងថា ហ៊ុ​ន​ សែន គ្មានការ​ចាំបាច់នឹងទៅទិញអ្នកណាទេ ព្រោះមនុស្សទាំង អស់នោះមិនមែនជាសត្វធាតុ ឬ​ជា​វត្ថុសម្រាប់លក់ទេ។ យើងខ្ញុំផ្ដល់ការគោរពចំពោះសេរីភាព របស់មនុស្សទាំងអស់ ទោះបីជា​មនុ​​ស្ស​នោះនៅក្នុងបក្សនយោបា​យ​ណាក៏ដោយ យើងខ្ញុំផ្ដល់ ការគោរព។ អ្នកដែលចេញម​ក​សុំ​​សិទ្ធិធ្វើនយោបាយ យើងខ្ញុំសុំគោរព អ្នកដែលមិនសុំសិទ្ធិក៏ យើងខ្ញុំគោរព​ចំពោះសេចក្ដី​ស​ម្រេ​ច​របស់អ្នក។ ហេតុអ្វីបានជាអ្នកមើល ងាយចំពោះអ្នក ដែលធ្លាប់ធ្វើការនៅជាមួយអ្នក បែរ​ទៅ​ជាទំនិញលក់ដូរទៅវិញ។

សម្ដេចតេជោបន្តថា សូមឱ្យជនបរទេសទាំងឡាយ វិនិច្ឆ័យ​ឱ្យ​បាន​ពិតប្រាកដ ថាតើអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យត្រូវទប់សិទ្ធិគេទេ ហើយត្រូវចោទ​ប្រ​កាន់​ទាល់តែ គេនៅជាមួយខ្លួនបានស្នេហាជាតិ ដល់គេចេញពីខ្លួនថាគេក្បត់ជាតិ។ សម្ដេចតេ​ជោ​បន្តថា ប៉ុន្តែអ្នក​ដែល​ជេរគេថាក្បត់ជាតិនោះ ត្រូវខ្ញុំបានប្រើក្បាលវា គឺប្រើឱ្យជួយ​កែរដ្ឋ​ធ​ម្ម​នុ​ញ្ញ​នៅឆ្នាំ២០០៦។ នៅក្នុងស្រុកខ្មែរគ្មានអ្នកន​យោបា​យណាមួយ ដែលមិនសហការជាមួ​យ​ហ៊ុន សែនទេ ប៉ុន្តែបើអ្នកឯងនៅតែនិយាយរបៀ​បហ្នឹង ខ្ញុំនូវតែនិយាយថា អ្នកឯងធ្លាប់បម្រើខ្ញុំ ហើ​យ​ជួយខ្ញុំ ឱ្យដោះស្រាយបានសភាពការណ៍ ដោយមិនមានការជាប់គាំងណាមួយ ក្រោយ​កា​រ​បោះ​ឆ្នោត ខ្ញុំអរគុណអ្នកឯង តែសូមបញ្ជាក់ថា នោះគឺខ្ញុំបានប្រើក្បាលអ្នកឯង ក្នុងពេល​ដែល​​អ្នកឯងជេរខ្ញុំថាជាអាយ៉ង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវជាថ្មីម្ដងទៀត ខ្ញុំផ្ដ​ល់​​តម្លៃអ្នកទាំងអស់ អ្នកណាសុំសិទ្ធិនយោបាយឡើងវិញ យើងគោរព ហើយខ្ញុំនឹងជួយ​បង្ក​ល​ក្ខ​​ណៈ ដើម្បីស្នើ ថ្វាយព្រះមហាក្សត្រ ដើម្បីសុំនីតិសម្បទាខាងនយោបាយ ក្នុងឋានៈជានាយក​រដ្ឋ​មន្ត្រីដែល ច្បាប់បានប្រគល់ការងារនេះឱ្យ។ ពិតមែនហើយក្នុងពេលអនាគត ខ្ញុំនិងពិនិត្យ​មើល​អ្នកណា គួរបាន អ្នកណាគួរមិនបានផងដែរ ប៉ុន្តែគ្រាន់តែអ្នកត្រូវដឹងថា ឆ្នាំ២០២២ អ្នកមិន​បាន​ចូលរួម បោះឆ្នោតឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើនៅខែឧសភា ឆ្នាំ២០២២។ ឯចំពោះអ្នក​ដែល​​ទទួល បានសិទ្ធិនៅខែវិច្ឆិកា ឆ្នាំ២០២២ ឯណ្ណោះ ដូច្នេះអ្នកនឹងបាត់បង់ឱកាស។ ដូច្នេះ​អ្ន​ក​​មកក៏មក ឯអ្នកមិនមកក៏ហីទៅ ហ៊ុន សែន អត់ងាប់ទេ ផ្ទុយទៅវិញវាងាយ​ស្រួលគ្រប់គ្រង​ផ្ទៃ​ក្នុង​ផង។

គួរបញ្ជាក់ដែរថា គិតរហូតដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្ស​ស​​​ង្រ្គោះ​​ជាតិ ចំនួន៩រូបហើយ ក្នុងចំណោមមនុស្ស១១៨នាក់ ដែលជាប់បម្រាម​នយោ​បា​យ ត្រូវ​បា​ន ព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ​ជាបន្ត​បន្ទា​ប់​ ក្រោ​យ​ពេលពួកគេបានដាក់លិខិតស្នើសុំ ទៅកាន់ក្រសួងមហាផ្ទៃ។ អតីតថ្នាក់ដឹក​នាំ អតីតគណ​ប​ក្ស​​​​​សង្រ្គោះជាតិទាំងនោះរួមមាន៖  ទី១. លោក គង់ គាំ, ទី២ លោក គង់ បូរ៉ា, ទី៣ លោក ស៊ីម សុ​វ​​ណ្ណ​នី, ទី៤. លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្ស​ស​ង្រ្គោះ​ជា​តិ, ​ទី៥ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦ លោកស្រី ទេព សុទ្ធី, ទី៧ លោក កង គឹមហាក់, ទី៨ លោក ជីវ កត្តា​ និងទី៩. លោក ច័ន្ទ សិលា ផងដែរ៕

ដោយ ជឹម ណារី