ប្រធានាធិបតីអាហ្វហ្គានីស្ថានបញ្ជាឱ្យបង្កើនកិច្ចការពារសន្តិសុខទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩  — វិមានប្រធានាធិបតីអាហ្វហ្គានីស្ថានបាននិយាយពីថ្ងៃអង្គារ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក      ម៉ូហាម៉ាដ អាស្រាហ្វ ហ្គានី (​ Mohammad Ashraf Ghani ) បានណែនាំដល់បណ្តាទីភ្នាក់ងារសន្តិសុខ និងការពារឱ្យរឹតបន្តឹងថែមទៀតសន្តិសុខ នៅទូទាំងប្រទេសនៅពេលដែលការប្រយុទ្ធគ្នា ឆេះឆួលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ។

វិមាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីបានធ្វើជាប្រធានកិច្ចប្រជុំសន្តិសុខមួយ ដែលចូលរួមដោយទីប្រឹក្សាសន្តិសុខជាតិលោក ហាមឌុលឡា មូហ៊ីប , រដ្ឋមន្ត្រីការពារប្រទេសស្តីទីលោក ម៉ាស៊ូដ អានដារ៉ាប៊ី និងលោក ម៉ូហាម៉ាដ ម៉ាស៊ូម  ស្តាណេកហ្សៃ ប្រធានទីភ្នាក់ងារ ចារកម្មជាតិ នៅឯវិមានប្រធានាធិបតី កាលពីល្ងាចថ្ងៃចន្ទ ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់ពួកមន្ត្រីសន្តិសុខអំពីស្ថានការណ៍សន្តិសុខទាំងមូលមក លោក ហ្គានី បានណែនាំដល់ពួកមន្ត្រីទាំងនោះឱ្យចាត់វិធានការដែលចាំបាច់ ដើម្បីធ្វើឱ្យល្អប្រសើរស្ថានការណ៍សន្តិសុខ ព្រមទាំងបើកធ្វើប្រតិបត្តិកាយោធានៅទូទាំងប្រទេសក្នុងពេលអនាគត ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងនៅពេលដែលប្រជាជនអាហ្វហ្គានីស្ថាន កំពុងរៀបចំបុណ្យ Nawroz   ប្រចាំឆ្នាំដែលនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ដែលនឹងកត់សម្គាល់ឆ្នាំថ្មីអាហ្វហ្គានីស្ថាន ។

ទាហាននិងភ្នាក់ងារប៉ូលិសអាហ្វហ្គានីស្ថានជាង ១០០នាក់ក៏ដូចជាជនស៊ីវិលជាច្រើននាក់បានបាត់បងអាយុជីវិតរបស់ពួកគេនឹងច្រើននាក់ទៀត របួសបន្ទាប់ពីការវាយប្រហាររបស់ពួកតាលីបង់នៅទូទាំងប្រទេសចាប់តាំងពីដើមខែមីនា មក  ។

កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន នៅតែធ្វើការត្រួតត្រាភាគច្រើនបំផុតនៃ មជ្ឈមណ្ឌលប្រជាជនរបស់ប្រទេសអាហ្វហ្គានីស្ថាន និងធានីខេត្តទាំង ៣៤ ប៉ុន្តែ ពួកឧទ្ទាមតាលីបង់ត្រួតត្រាមួយផ្នែកធំនៃតំបន់ជនបទដោយធ្វើការវាយប្រហារមាន ទ្រង់ទ្រាយធំដែលមានការសម្របសម្រួលគ្នាទៅលើទីក្រុងនិងស្រុករបស់អាហ្វហ្គានីស្ថានចាប់តាំងពីដើមឆ្នាំ កន្លងទៅ ។

លោកប្រធានាធិបតីក៏បានបញ្ជានៅមុននេះ ផងដែរដល់ទីភ្នាក់ងារសន្តិសុខជាសំខាន់យោធា និងភ្នាក់ងារប៉ូលិសឱ្យដកហូតអាវុធពីពួកជនប្រដាប់អាវុធ ខុសច្បាប់ទាំងអស់នៅទូទាំងរដ្ឋធានីកាប៊ុល  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )