រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចចរចា ស្តីអំពី ប្រទេសវ៉េណេហ្ស៊ុយអេឡា ជាមួយអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩​ — អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី​លោក Sergei Ryabkov  បានប្រាប់ពួកអ្នកយកព័ត៌មាន​កាលពីថ្ងៃអង្គារ បន្ទាប់ពី​កិច្ចពិគ្រោះយោបល់ជាមួយ តំណាងពិសេសអាម៉េរិក​ប្រចាំនៅ​ប្រទេសវ៉េណេហ្ស៊ុយអេឡា លោក Elliott Abrams ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច​សម្រាប់កិច្ច​ទំនាក់ទំនងដែលជាលក្ខណៈពិសេស ស្តីអំពីប្រទេសវ៉េណេហ្ស៊ុយអេឡា ជាមួយអាម៉េរិក​ ថា​តើ​អ្វីជារឿងសំខាន់បំផុតនោះ គឺមិនមែនជាទម្រង់នៃការសន្ទនាស្តីពីស្ថានការណ៍​នៅក្នុង​ប្រទេស​អាម៉េរិកឡាទីននេះមួយប៉ុណ្ណោះទេ។

លោកបាននិយាយថា យើងត្រៀមខ្លួនបន្តកិច្ចចរចា​ជាមួយអាម៉េរិក​ស្តីពីបញ្ហានេះ ដោយ​សារតែស្ថានការណ៍ទាំងនេះ មានស្ថានភាពធ្ងន់ធ្ងរ​មិនទុកឱ្យមានកំហុសបន្តទៀត។ យើង​ត្រូវតែយល់ពីគោលបំណងគ្នាទៅវិញទៅមកឱ្យបានច្បាស់ តាមអ្វីដែលអាចធ្វើ​ទៅបាន។

លោក Ryabkov បាននិយាយថា កិច្ចចរចាជាមួយលោក Abrams​ មានការលំបាក ប៉ុន្តែនិយាយត្រង់ទៅត្រង់មក​។  អ្នកការទូតបាននិយាយបន្ទាប់ពីកិច្ចពិគ្រោះយោបល់នោះថា ការសន្ទនាគ្នានេះបាន​ក្លាយ​ទៅជាការលំបាកប៉ុន្តែបើកចំហ។ អ្នកការទូតជាន់ខ្ពស់រូបនេះបាននិយាយផងដែរថា  ការអភិវឌ្ឍនៅក្នុងប្រទេស វ៉េណេហ្ស៊ុយអេឡា ចាំបាច់ត្រូវមានការសន្ទនាគ្នាជាអន្តរជាតិ ដែល​សកម្មជាងមុន​តាមគ្រប់រូបភាពទាំង អស់។​

អ្នកការទូតរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើតការសន្ទនាមួយនៅ​ក្នុងប្រទេស តាមអ្វីដែលអាចធ្វើទៅបាន តែស្ថិតនៅក្នុងករណីដែលគ្មានការប៉ុងប៉ងការដាក់​សម្ពាធ នឹងដាក់នូវគំរូបែបបទនានានៃការអភិវឌ្ឍនយោបាយនេះពីខាងក្រៅ៕

( ប្រភព TASS:បកប្រែដោយលោក មាស សំអុល )