ប្រធានចារកម្មអាម៉េរិក​ប្រចាំនៅទីក្រុងសេអ៊ូល​ពិភាក្សាគ្នាពី ប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩​ — ប្រភពរដ្ឋាភិបាលមួយបាននិយាយនៅថ្ងៃពុធនេះថា នាយកស៊ើបការសម្ងាត់អាម៉េរិក​ប្រចាំនៅទីក្រុងសេអ៊ូល​ ក្នុងដំណើរទស្សនកិច្ចមួយ​ ដែលគេអាចដឹងថា មានបំណង​ក្នុង​កិច្ច​ផ្លាស់ប្តូរព័ត៌មាន និងការវាយតម្លៃពីប្រទេសកូរ៉េខាងជើង​ បន្ទាប់ពីការបរាជ័យនៃកិច្ចប្រជុំ​កំពូល​កាលពីខែកន្លងទៅ​រវាងប្រទេសទាំងពីរ​។

កាលពីពេលមុននេះ សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា នាយកស៊ើបការ​សម្ងាត់ជាតិ របស់អាម៉េរិក​លោក Dan Coats បានមកដល់មូលដ្ឋានទ័ពអាកាសអាម៉េរិក​មួយ នៅអូសាន​ ខាងត្បូងទី ក្រុងសេអ៊ូល កាលពីយប់ថ្ងៃអង្គារ ​ក្នុងការស្នាក់នៅទីនោះចំនួនបីថ្ងៃ។ ប្រភពរដ្ឋាភិបាលបានបញ្ជាក់ពីការមកដល់របស់លោក​ ប៉ុន្តែបានបដិសេធមិនបានផ្តល់​ព័ត៌មានលម្អិតអ្វីនោះទេ។

កាលវិភាគលម្អិតរបស់លោកនៅទីក្រុងសេអ៊ូល​ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់​នៅ​ឡើយទេ ប៉ុន្តែ គាត់ទំនងជាជួបប្រជុំជាមួយ​សមភាគីកូរ៉េខាងត្បូងរបស់លោក លោក ស៊ូ ហ៊ុន នាយកស៊ើបការសម្ងាត់ជាតិ​ និងពួកមន្រ្តីជាន់ខ្ពស់ដទៃទៀត។ ​

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានជួសជុល​ទីតាំងបាញ់​រ៉ុក្កែតរយៈចម្ងាយឆ្ងាយ​​ Dongchang-ri របស់ខ្លួន​ ដែលត្រូវបានជួសជុលឡើងវិញ​កាលឆ្នាំ​កន្លងទៅ​។​ បញ្ហានេះ បាននាំឱ្យមានការព្រួយបារម្ភថា ការស្ថាបនាឡើងវិញ​នោះ អាចជាសញ្ញាមួយ​ដែលទីក្រុងព្យុយ៉ាង​ អាចនឹងរៀបចំបាញ់ មីស៊ីលផងដែរ ។

កាលពីសប្តាហ៍កន្លងទៅ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង​ លោក Choe Son-hui បានគំរាមថា ទីក្រុងព្យុងយ៉ាងអាចបញ្ឈប់កិច្ចចរចានុយក្លេអ៊ែរ ហើយបន្តការសាកល្បងនុយ​ក្លេអ៊ែរ និងការបាញបង្ហោះ មីស៊ីលឡើងវិញ​ ដោយនិយាយថា ខ្លួន​គ្មានចេតនាចង់ប្រគល់​ទៅឱ្យក្រុមលេងសើចណាមួយ​ ដូចជាក្រុង វ៉ាស៊ីងតោននោះទេ។

ខណៈនេះដែរ ទីក្រុងសេអ៊ូល​ បានរំពឹងថា នឹងអាចចែករំលែកការស៊ើបការណ៍សម្ងាត់​ និងការវាយតម្លៃលើប្រទេសកូរ៉េខាងជើង​ ព្រមទាំងធ្វើការសម្របសម្រួលក្នុងគោលដៅ​រួម​គ្នាមួយ​ក្នុងការដោះស្រាយទៅនឹង​កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុយនីស្តមួយនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )