សមាជិកសភារុស្ស៊ី​ជួបប្រជុំជាមួយពួកមន្រ្តីកូរ៉េខាងជើង សម្រាប់កិច្ចចរចាស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩​ — ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា សមាជិកសភារុស្ស៊ីមួយក្រុមដែលកំពុង​ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង​បានជួបប្រជុំជាមួយពួកមន្រ្តីកូរ៉េខាងជើង ដើម្បីពិភាក្សាគ្នាពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាងប្រទេសទាំងពីរ។

តាមទីភ្នាក់ងារសារព័ត៌មាន TASSបានឱ្យដឹងថា លោក Oleg Melnichenko ដែល​ជាអ្នកដឹកនាំគណៈប្រតិភូនេះបាននិយាយថា ពួកគេបានធ្វើកិច្ចប្រជុំមួយជាមួយ​មន្រ្តីជាន់​ខ្ពស់​ថ្នាក់អនុរដ្ឋមន្រ្តី​មកពីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចផ្ទៃក្នុង​របស់ប្រទេសកូរ៉េខាងជើង​ កាលពីថ្ងៃ​អង្គារ​។

សមាជិកសភាមួយរូបត្រូវបានគេដកស្រង់សម្តីដែលនិយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាគ្នាពីគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ដែលអាចនឹងបន្ត ដោយមិន​មាន​ជាប់ទាក់ទងនឹង​ការដាក់ទណ្ឌកម្មរបស់ អ.ស.ប ដែលបានដាក់ទៅលើប្រទេសកូរ៉េខាងជើង​នោះទេ មានដូចជា ស្ថាបនាស្ពានមួយ ដើម្បីតភ្ជាប់ប្រទេសទាំងពីរ​ឆ្លងកាត់ទន្លេ Tumen នៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ របាយការណ៍បាននិយាយថា បានពិភាក្សាគ្នាផងដែរ ពីកិច្ចសហប្រតិបត្តិកាដែលអាចធ្វើទៅបានរវាងប្រទេស កូរ៉េខាងជើង និងរដ្ឋបាលខេត្តរបស់ប្រទេសរុស្ស៊ី។

គណៈប្រតិភូរុស្ស៊ី បានមកដល់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ ​សម្រាប់ដំណើរ​ទស្សនកិច្ចចំនួន៦ថ្ងៃ​ ដើម្បីចូលរួមប្រារព្វខួប​លើកទី៧០នៃកិច្ចព្រមព្រៀងមួយ ដែលបានចុះ​ហត្ថលេខា​រវាងប្រទេសទាំងពីរ​ ស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌។

ដំណើរទស្សនកិច្ចដែលបានធ្វើឡើងនេះ ខណៈដែលទីក្រុងព្យុងយ៉ាង បាននឹងបោះ​ជំហានទៅមុខ​ផ្នែកការទូតរបស់ខ្លួន​ជាមួយប្រទេសរុស្ស៊ី​ ចាប់តាំងពីការបរាជ័យ​នៃកិច្ចប្រជុំ​កំពូល​រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន​ និងប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ កាលពីខែកន្លងទៅ។ កាលពីសប្តាហ៍កន្លងទៅនេះដែរ​ កូរ៉េខាងជើង និងរុស្ស៊ី​បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងកិច្ចទំនាក់ទំនង​ក្នុងកម្រិតខ្ពស់​ និងការពង្រីកកិច្ចសហ​ប្រតិ​បត្តិការ​លើផ្នែកសេដ្ឋកិច្ច៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )