ជប៉ុននឹងដាក់ពង្រាយសមាជិក SDF នៅអេហ្ស៊ីបក្រោមច្បាប់សន្តិសុខថ្មីដែលមានជម្លោះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា   ឆ្នាំ២០១៩ — រដ្ឋាភិបាលបាននិយាយនៅក្រុងតូក្យូ កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុននឹងបញ្ជូនសមាជិកកងកម្លាំង ស្វ័យការពារ ( SDF ) ទៅកាន់ប្រទេសអេហ្ស៊ីបក្នុងពាក់កណ្តាលខែមេសា ជាមួយនឹងទង្វើដ៏ចម្រូងចម្រាស់ ដែលកត់សម្គាល់ឱ្យឃើញការដាក់ពង្រាយកងទ័ពជប៉ុនដែលមិនមែនគាំទ្រដោយ អ.ស.ប ជាលើកដំបូង ។

ជប៉ុនកំពុងជំរុញឱ្យលឿនការអនុម័តយល់ព្រមរបស់គណៈរដ្ឋមន្ត្រី នៅចុងខែមីនា សម្រាប់ការបញ្ជូន នេះ ។  រដ្ឋាភិបាលបាននិយាយថា សមាជិក SDF ២ នាក់នឹងត្រូវគេដាក់ពង្រាយឱ្យចូលរួមនៅក្នុងកងម្លាំង ព្រមទាំងពួកអ្នកសង្កេតការណ៍ពហុជាតិ ( MFO ) ជាកងកម្លាំងរក្សាសន្តិភាពពហុជាតិ មួយក្នុងប្រទេស អេហ្ស៊ីបដែលមិនស្ថិតនៅក្រោមបញ្ជាការរបស់ អ.ស.ប ។

អ្នកទាំងពីរនេះនឹងត្រូវគេបញ្ជូនទៅកាន់ឧបទ្វីបស៊ីណៃ ក្នុងប្រទេសអេហ្ស៊ីបនៅក្នុងការដាក់ពង្រាយ បែបនេះជាលើកដំបូងចាប់តាំងពីច្បាប់សន្តិសុខ ដែលមានរឿងចម្រូងចម្រាស់ បានចូលជាធរមាននៅក្នុងឆ្នាំ ២០១៦ នៅពេលមានប្រតិកម្មខាងនយោបាយ, ជាសាធារណៈនិងជាអន្តរជាតិយ៉ាងខ្លាំងនោះ ។

កាលពីដើមខែមីនា រដ្ឋាភិបាលជប៉ុនបានបញ្ជូនសមាជិកក្រសួងការពារប្រទេសទៅកាន់ឧបទ្វីប ស៊ីណៃ ដើម្បីសង់មើលស្ថានការណ៍ ។

រដ្ឋាភិបាលបានធ្វើការវិនិច្ឆ័យថា ស្ថានការណ៍បច្ចុប្បន្ននៅទីនោះមិនរំលោភលើតម្រូវការតាមច្បាប់ដែលចាំបាច់ទាំង៥ សម្រាប់ការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប ទេ ដែលតម្រូវការមួយនោះនឹងរួមមានអត្ថិភាព នៃកិច្ចព្រមព្រៀងឈប់បាញ់មួយក្នុងចំណោមភាគីដែលច្បាំងគ្នា ។

ប្រទេសជប៉ុនបានសម្រេចអនុម័តយកតម្រូវការស្របច្បាប់ចំនួន៥របស់ អ.ស.ប ធ្វើជា បារ៉ូម៉ែត្រ មួយដើម្បីកំណត់ថា តើបញ្ជូនឬមិនបញ្ជូនសមាជិក SDF ទៅបរទេស ឬយ៉ាងណាសម្រាប់បេសកកម្ម រក្សាសន្តិភាពដោយមិនគិតពីការចូលរួមពិតប្រាកដរបស់ អ.ស.ប នោះ ។

ពួកមន្ត្រីក្រសួងការពារប្រទេស បានពន្យល់ប្រាប់ត្រួសៗដល់សមាជិកសភាគណបក្ស ប្រជាធិប-តេយ្យសេរីដែលកំពុងកាន់អំណាច កាលពីថ្ងៃអង្គារ អំពីស្ថានការណ៍នៅលើឧបទ្វីបស៊ីណៃ ហើយការដាក់ ពង្រាយសមាជិក SDF  ត្រូវបានគេអនុម័តយល់ព្រម៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)