មីយ៉ាន់ម៉ាបង្កើតតុលាការយោធាដើម្បីស៊ើបអង្កេតអំពើហិង្សា ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩​ កងទ័ពមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានបង្កើតតុលាការយោធាដើម្បីស៊ើបអង្កេតសកម្មភាពរបស់ខ្លួនក្នុងអំឡុងការបង្ក្រាបទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងឆ្នាំ ២០១៧ ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ អគ្គមេបញ្ជាការរងជាន់ខ្ពស់កងទ័ព លោក Min Aung Hlaing បានឱ្យដឹងថា តុលាការនេះរួមមានឧត្តមសេនីយ៍ទោមួយរូប និង វរសេនីយ៍ឯកពីររូប ដែលនឹងធ្វើការស៊ើបអង្កេតទៅលើព្រឹត្តិការណ៍នានានៅរដ្ឋ Rakhine ភាគខាងលិចកាលពីខែសីហា ឆ្នាំ ២០១៧។
តុលាការនេះនឹងត្រូវឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទិ្ធមនុស្សដែលថា កម្លាំងសន្តិសុខបានធ្វើការសម្លាប់រង្គាល រំលោភ និងដុតបំផ្លាញ។

នៅក្នុងខែសីហា ឆ្នាំ ២០១៧ កងកម្លាំងមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុករបស់ពួកគេនៅក្នុងរដ្ឋRakhine ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់ពួកឧទ្ទាមរ៉ូហ៊ីងយ៉ានៅលើទីតាំងសន្តិសុខក្បែរព្រំដែនបង់ក្លាដេស។

យោងទៅតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មានជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៧២០.០០០នាក់នៅក្នុងរដ្ឋ Rakhine បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសបន្ទាប់ពីមានព្រឹត្តិការណ៍នោះ។
នៅក្នុងខែឧសភា ឆ្នាំ ២០១៨ មីយ៉ាន់ម៉ាបានសម្រេចបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើងអំឡុងពេលនៃការបង្ក្រាបទៅលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ។

គណៈកម្មការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីដោះស្រាយការផ្សះផ្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងរដ្ឋ Rakhine ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)