សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករជាង ១ម៉ឺននាក់នៅខេត្តពោធិ៍សាត់

វិទ្យុជាតិកម្ពុជា៖ ដោយលោកជៀង យ៉ារ៉េត

ពោធិ៍សាតិ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ខែមីនឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មការិនីនៅថ្ងៃនេះ ធ្វើឡើងនៅភូមិវាល វង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តមអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោង ចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃនេះ មកពីស្រុកក្រគរចំនួន៣ ស្រុកបាកានចំនួន១ និងក្រុងពោធិ៍សាត់ចំនួន១។ ឯ.ឧ រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា រោង ចក្រ សហគ្រាសទាំង៦នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួនពីរ។

រោងចក្រ សហគ្រាសទាំង៦ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២, ផ្គត់ផ្គង់អគ្គិសនីចំនួន២, ផលិតត្រង់ស្វូអគ្គិសនីចំនួន១និងចិញ្ចឹម សត្វចំនួន១។ ឯ.ឧរដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ផលិតផលដែលផលិតចេញពីរោង ចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ខេត្តពោធិ៍សាត់ គឺជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងនេសាទ ហើយខេត្តនេះក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ និងជាតំបន់តស៊ូរបស់ខ្មែរក្រហមផងដែរ។ ការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យខេត្តពោធិ៍សាត់ និងទឹកដីកម្ពុជា

ទាំងមូលទទួលបានសុខសន្តិភាពពេញលេញ។ សុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យខេត្តពោធិ៍ សាត់បានពង្រីកការអភិវឌ្ឍរបស់ខ្លួនផងដែរ។

បច្ចុប្បន្នខេត្តពោធិ៍សាត់ បានក្លាយជាខេត្តមាន ការទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម វារីអគ្គិសនី។ល។ និងមានសហ គ្រាស គ្រឹះស្ថានការងារចំនួន១០៧ មានកម្មករ និយោជិតចំនួន ១១,៤០៧នាក់ ដោយទទួលបានប្រាក់ឈ្នួលសរុប ៣៩ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជា មួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ។ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ ន្ធចំនួន ៦៦លើក ដែលមានកម្មករនិយោជិតសរុបជាង ៩៤ ម៉ឺននាក់៕