មន្ទីរសុខាភិបាលខេត្តជំរុញឱ្យប្រជាពលរដ្ឋអនុវត្តន៍វិធានការផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបច្ចុប្បន្នបាននិង​កំពុងជំរុញឱ្យ​មន្ត្រីសុខាភិបាលមូលដ្ឋានយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋអនុវត្តន៍វិធានការបីប្រការ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីការពារសុខភាពនារដូវក្តៅនេះ។

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តបានប្រាប់ឱ្យដឹងនៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ថា ប្រជាពលរដ្ឋត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួននូវវិធានការរបស់ក្រសួងសុខាភិបាលគឺផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់សុខភាព ខណៈកម្ពុជាកំពុងទទួលរងនូវអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពឡើងរហូតដល់៤០-៤២អង្សាសេ។

លោកវេជ្ជបណ្ឌិតបានបន្តថា អាកាសធាតុក្តៅខ្លាំងនេះអាចធ្វើឱ្យប្រជាពលរដ្ឋ ពិសេសមនុស្សចាស់និងកុមារតូចអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតបាន ដោយសារបញ្ហាជំងឺបេះដួង ជំងឺសួត និងអាចមានជំងឺឆ្លងផ្សេងទៀត។ ចំណែកឯវិធានការដែលមន្ទីរសុខាភិបាលកំពុងប្រតិបត្តិនោះមានម៉ោងជំរុញឱ្យមន្ត្រីជំនាញមូលដ្ឋានណែនាំដល់ប្រជាពលរដ្ឋត្រូវពិសាទឹកឱ្យបានច្រើន និងចៀសវាងការបរិភោគភេសជ្ជៈផ្អែម កុំនៅក្រោមកំដៅថ្ងៃយូរពេកត្រូវស្លៀកសម្លៀកបំពាក់ស្តើងៗ និងពណ៌ស្រាលៗដែលមិនសូវស្រូបកំដៅថ្ងៃនិងស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រដើម្បីការពារ។ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ចដោយបរិភោគចំណីអាហារមានអនាម័យល្អ ទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ ត្រូវចម្អិនម្ហូបឱ្យឆ្អិនល្អកាលណារដូវក្តៅអាហារងាយនឹងជូរផ្អូម ត្រូវពិសាទឹកឱ្យបានច្រើនហើយទឹកនោះត្រូវតែស្អាតមានអនាម័យ និងត្រូវសម្អាតចង្ក្រានបរិវេណជុំវិញ ដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ពិសេសចៀសវាងពិសាអាហារក្តៅ និងពិសាអាហារច្រើនពេក។

ពាក់ព័ន្ធនឹងវិធីសង្គ្រោះបឋមនៅក្នុងអាកាសធាតុក្តៅខ្លាំងវិញ លោកវេជ្ជបណ្ឌិត អោ   វ៉ាន់ថេន បានឱ្យដឹងថា នៅពេលអាកាសធាតុក្តៅខ្លាំង កាលបើយើងប្រហែស ឬមិនយកចិត្តទុកដាក់អាចនឹងបណ្តាលឱ្យមនុស្សស្លាប់បាន ដោយសារតែខ្សោះជាតិទឹក​ បាត់នូវសារធាតុរ៉ែ ធ្វើឱ្យមនុស្សដួលសន្លប់ ។ ដូចនេះមន្ត្រីពេទ្យមូលដ្ឋានត្រូវមានភារកិច្ច កុំទុកជនរងគ្រោះយូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ហើយសម្រាប់អ្នកដួសសន្លប់ត្រូវដាក់អ្នកជំងឺឱ្យសម្រាក ដោយលើកជើងឡើងលើបន្តិច ឬកល់ជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្តឈាមហូរមកខួរក្បាល និងត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់។  ជាមួយគ្នានោះត្រូវដោះឬបន្ធូរសម្លៀកបំពាក់អ្នករងគ្រោះចេញ ឱ្យជនរងគ្រោះពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឬក៏អាចផ្តល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាកាហ្វេជាមួយទឹក ២៥ស្លាបព្រាបាយ មិនត្រូវផ្តល់នូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រាឡើយ និងត្រូវដណ្តប់អ្នកជំងឺដោយក្រណាត់សើម និងប្រើទឹកធម្មតា៕

ដោយ លឹម សាន្ត