សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្ដយកចិត្ដទុកដាក់បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង សំណង់អត់ច្បាប់ លុបបំបាត់ឱ្យអស់បក្សពួកនិយម

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរក្រុង,ខណ្ឌ, សង្កាត់ ត្រូវយកចិត្ដទុកដាក់បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ សំណង់អត់ច្បាប់ ត្រូវចាប់រថយន្តធុនធំចូលក្រុងឱ្យបាន ពិសេសត្រូវលុបបំបាត់បក្សពួកនិយម មន្ដ្រីនៅមូលដ្ឋាន ត្រូវអនុវត្ដន៍ឱ្យបានល្អ ហើយខ្ញុំគាំទ្រដែលសាលាក្រុងចេញបំរាមហាម ម៉ោងពេល ឃាត់រថយន្ដធុនធំចូលក្រុង រួចហើយ ។ កន្លងមកខ្ញុំបានឃើញគេរិះគន់ចៅ ហ្វាយក្រុងរឿងរថយធុនធំចូលក្រុង នៅម៉ោងពេលហាមឃាត់ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។

សម្ដេចក្រឡាហោម បានជំរុញបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យមន្ដ្រីនៅថ្នាក់ ក្រុង,ខណ្ឌ,សង្កាត់ទាំងអស់ត្រូវយកចិត្ដទុកដាក់បម្រើសេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ ។ ជាពិសេសទៀតនោះ គឺបញ្ហាប្រឈមដែលយើងត្រូវរួមគ្នាដោះស្រាយមានដូចជា ១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ ។ បំផុសប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ២- បង្កើនការពារសន្តិសុខដល់ជនបរទេស ភ្ញៀវទេសចរ វិនិយោគិន ផ្អែកលើច្បាប់ ។ ៣-ពិនិត្យសំណង់នានាដែលកំពុងសាងសង់មានច្បាប់ អត់ច្បាប់ ស្របតាមបទដ្ឋានបច្ចេក ទេសឬទេ? ដោះស្រាយផលប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងវិស័យទេសចរណ៍ ។ ៤-ពិនិត្យប្រព័ន្ធលូ សំរាម តាមរោងចក្រ សហគ្រាស និងលំនៅឋានប្រជាពលរដ្ឋ។ ៥-លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បង្ក្រាបបទល្មើសផ្សេងៗ ការកាន់កាប់ដីខុសច្បាប់ ។ ៦-បន្តដោះស្រាយជម្លោះដីធ្លីប្រកបដោយយុត្តិធម៌ លុបបំបាត់ការអន្តរាគមន៍ បញ្ចៀសអំពើហិង្សា។ ៧-ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។ ៨-ឈ្វេងយល់ពីបញ្ហាប្រឈមផ្នែកសុខភាព និងជីវភាពរស់នៅរបស់កម្មករ និងជនងាយរងគ្រោះ ។ ត្រៀមបង្ការជួយប្រជាពលរដ្ឋកង្វះទឹកស្អាតប្រើប្រាស់។ ត្រូវចូលរួមទប់ស្កាត់ ថែរក្សា នូវសុខសន្ដិភាព និងរក្សាឯករាជ្យ អធិបតេយ្យភាព របស់យើងឱ្យបានល្អ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍ការងារទទួលបានសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចជាការរៀបចំសន្តិសុខ-សណ្តាប់សាធារណៈ ជាមួយនឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹងសម្រេចបាននូវសមិទ្ធផលទាំងនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់ ដែលទាមទារឱ្យរួមគ្នាដោះស្រាយក្នុងឆ្នាំ២០១៩ បន្តទៀត ក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងការប្រើប្រាស់អក្សរបរទេសលើផ្ទាំងផ្សព្វផ្សាយជាដើម ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ដថា  តាមរយៈអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩នេះ គឺជាការបូកសរុប វាយតម្លៃ ដកស្រង់បទពិសោធន៍លទ្ធផលការងារសម្រាប់ឆ្នាំ២០១៩ នៃការអនវុត្តវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងជាការចាប់ផ្តើមនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩បានយ៉ាងលម្អិតរួចហើយតាមរយៈ អង្គសន្និបាត បានរក្សាវិធីសាស្ត្រ បែងចែកជាក្រុម ដើម្បីធ្វើការពិភាក្សាដូចជា ១-វិធានការជំរុញការងារអនុវត្តnច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ។ ២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ។ ៣-ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ ។ ៤-វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរខ្មែរ ឬ អក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធិបញ្ញា លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ៕

ដោយសួស សំរិត