សម្តេច​ពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យអាជ្ញាធរខេត្តបង្កើនការផ្តល់សេវាសាធារណៈតាមច្រកចេញ-ចូលតែមួយឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាពខ្ពស់

AKP សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ -ថ្លែង​បិទសន្និបាទបូលសរុប​លទ្ធផលការ​ងារ​ឆ្នាំ២០១៨ និង​លើកទិសដៅឆ្នាំ២០១៩របស់រដ្ឋបាលខេត្តសៀមរាប​កាល​ពី​រសៀល​ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទីទី​១៩ ខែមីនា ឆ្នាំ២០១៩ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​មានប្រសាសន៍ថា កន្លងមកនេះប្រជាពលរដ្ឋមួយចំនួនដែលមិនសូវយល់ពីការផ្តល់សេវារបស់រដ្ឋ តែងតែបានជួបការលំបាកក្នុងការទទួលសេវាសាធារណៈ ដោយសារពឹង​អ្នកជួយរត់ការ ធ្វើឱ្យការចំណាយរបស់ប្រជាពលរដ្ឋច្រើន។ ដើម្បីកាត់បន្ថយការចំណាយ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈ រាជរដ្ឋាភិបាលបាន​សម្រេចបង្កើតឱ្យមានអង្គភាពច្រកចេញ-ចូលតែមួយនៅតាមរាជធានី ខេត្ត ដែលអង្គភាពច្រកចេញ-ចូលតែមួយរបស់រាជធានី ខេត្តនេះ គឺប្រជាពលរដ្ឋអាចមកទទួលសេវាដោយផ្ទាល់ ដោយមិនចាំបាច់ពឹងអ្នករត់ការដូចមុននោះទេ ហើយការចំណាយរបស់គាត់តិច និងទទួលបានសេវាឆាប់រហ័សផងដែរ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គភាព​ច្រកចេញ-ចូលតែមួយនៅរាជធានី ខេត្ត និង​ការិយាល័យច្រកចេញ-ចូលតែមួយនៅតាម​បណ្តាក្រុង ស្រុក ខណ្ឌ នៅទូទាំង​ប្រទេសបាន​កំពុងតែសម្រួលការងារដល់ប្រជាពលរដ្ឋជាច្រើន ទាំង​ការ​កាត់បន្ថយពេលវេលា ថវិកា ជាដើម។ សម្តេចបានជំរុញអាជ្ញាធរខេត្តសៀមរាបត្រូវខិតខំសម្របសម្រួលជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បី​ពន្លឿនការផ្ទេរសេវាដែលនៅសេសសល់ ឱ្យមកអង្គភាពច្រកចេញ-ចូលតែមួយ នៅសាលាខេត្ត រួមទាំង​ផ្តល់ការគាំទ្របច្ចេកទេស ការកសាងសមត្ថភាពនៃការផ្តល់សេវាទាំងនេះឱ្យកាន់តែមានតម្លាភាព  គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​នៅខេត្តសៀមរាប មានអង្គភាពច្រកចេញ-ចូលតែមួយចំនួន១ និងការិយាល័យច្រកចេញ-ចូលតែមួយ នៅតាមបណ្តាក្រុង ស្រុក ចំនួន​៣ កំពុងតែដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺមាននៅក្រុងសៀមរាប ស្រុកពួក និងស្រុកជីក្រែង។ នៅក្នុងឆ្នាំ២០១៩នេះខេត្តមានគម្រោងបង្កើតការិយាល័យច្រកចេញ-ចូលតែមួយចំនួន​២​ទៀត គឺនៅស្រុកសូទ្រនិគម និងស្រុកក្រឡាញ់។នៅឆ្នាំ២០២០ខេត្តមានគម្រោងបង្កើតការិយាល័យច្រកចេញ-ចូលតែមួយចំនួន​២​ទៀត គឺនៅស្រុកបន្ទាយស្រី និង​ស្រុក​ប្រាសាទ​បាគង។

ឯកឧត្តមអភិបាលខេត្តបានពន្យល់ថា ចំពោះអង្គភាពច្រកចេញ-ចូលតែមួយ របស់រដ្ឋ បាលខេត្តសៀមរាប ដែលទើបដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨មកនេះ គឺមានសេវារដ្ឋបាលដែលបានប្រតិភូកម្មមានចំនួន​១៤​វិស័យ​ និងសរុបចំនួនជាង​៣៧០​ប្រភេទសេវា វិស័យទាំង​១៤នេះ គឺមាន ១-ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ២-ការងាររដ្ឋបាល, ៣-វិស័យសុខាភិបាល,​ ៤-វិស័យទេសចរណ៍, ៥ -វិស័យសាធារណការនិងដឹកជញ្ជូន, ៦-វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ៧-វិស័យព័ត៌មាន, ៨-វិស័យបរិស្ថាន, ៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម, ១០-វិស័យរ៉ែ និងថាមពល, ១១-វិស័យពាណិជ្ជកម្ម, ១២-វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ១៣-វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និង១៤-វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​។​ សេវាតាមវិស័យនីមួយៗត្រូវអនុត្តន៍តាមការកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួង រវាងក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្របខ័ណ្ឌពេលវេលា។

ឯកឧត្តម ទៀ សីហា បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ ​មកទទួលសេវានៅអង្គភាពច្រកចេញ-ចូលតែមួយ​តាមវិស័យ​ និងតាមសេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិទាំងនេះ ដើម្បីទទួលបានសេវាឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ​ដែលរាជរដ្ឋាភិបាល   កម្ពុជាបានកំពុងគិតគូរប្រកបដោយគតិបណ្ឌិត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងសាធា រណជនទូទៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ​នូវគោលនយោបាយប្រទេស ប្រកបដោយនិរន្តរភាព​៕

ដោយ ឃុត សៅ