ក្រសួងបរិស្ថានថ្កោលទោសចំពោះក្រុមជនល្មើសដែលកាប់ទៅលើមន្ត្រីឧទ្យានុរក្សស្រុកសន្ទុក

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី

ភ្នំពេញ៖ ក្រសួងបរិស្ថានថ្កោលទោសចំពោះក្រុមជនល្មើស ដែលកាប់ទៅលើមន្ត្រីឧទ្យានុរក្សម្នាក់ឲ្យរងរបួសធ្ងន់ ក្នុងពេលចុះល្បាតនៅតំបន់អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សប្រចាំការ​នៅច្រករបៀង​អភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ ៣០ ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរនៅថ្ងៃទី១៩ ខែមីនានេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌សាហាវឃោរឃៅរបស់​ក្រុមជនល្មើសប្រឆាំងនឹងក្រុមអ្នកការពារនិងអភិរក្សធនធានធម្មជាតិអំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមីនានេះ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈ​ចម្រុះ​ព្រៃអង់តែនចំនួន៥នាក់បានចុះល្បាតនៅតំបន់អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយកដីព្រៃធ្វើចម្ការ។

ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួល ហើយត្រូវជនល្មើសតដៃ ដោយបានកាប់ត្រូវកម្លាំង​មន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ត្រូវចំនួន៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងកនិងកដៃ បណ្តាលអោយរងរបួសធ្ងន់។ ចំណែកមន្ត្រីឧទ្យានុរក្សចំនួន៤នាក់ផ្សេងទៀត មិនមានរងរបួសអ្វីឡើយ។ រីឯ ជនល្មើសបានរត់គេចខ្លួនបាត់។
ឯកឧត្តម បន្តថា បច្ចុប្បន មន្ត្រីឧទ្យានុរក្សដែលមានរបួសមានស្ថានភាពធ្ងន់ធ្ងរផែ្នកលលាដ៏ក្បាល ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ខណៈមន្ត្រីសមត្ថកិច្ច បាននឹងកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនរឿងទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស។
បើតាមឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល២ខែចុងក្រោយនេះ បន្ទាប់ពីកាលពីចុងខែមករា ឆ្នាំ២០១៩នេះ មន្ត្រីឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃ ប្រដាប់ដោយកាំភ្លើង បានបាញ់ប្រហារមកលើ ធ្វើឱ្យរបួសចំភ្លៅ ក្នុងអំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី៕