អត្តពលិកបញ្ញាខ្សោយកម្ពុជាឈ្នះមេដាយមាស២ និងប្រាក់១គ្រឿងបន្ថែមពីព្រឹត្តិការណ៍កីឡា ជនបញ្ញាខ្សោយអូឡាំពិកហ្គេម នៅអារ៉ាប់រួម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — អត្តពលិកបញ្ញាខ្សោយកម្ពុជាបានយកឈ្នះមេដាយមាស ២គ្រឿង និងមេដាយ ប្រាក់១គ្រឿង បន្ថែមពីព្រឹត្តិការណ៍កីឡាជនបញ្ញាខ្សោយអូឡាំពិកពិភពលោក “Special Olympics World Games ABU DHABI 2019” នៅប្រទេសអារ៉ាប់រួម។ លោក មាស សារ៉េត មន្ត្រីគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរាយ ការណ៍ពីទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួមមកថា ព្រឹត្តិការណ៍ Special Olympics World Games កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ គឺអត្តពលិកស្ប៉េស្យាល់អូឡាំពិក​កម្ពុជាបាន​យកឈ្នះមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់មួយគ្រឿងបន្ថែមទៀតហើយ។ លោក បញ្ជាក់ថា មេដាយមាស២គ្រឿងនេះដណ្តើមបានលើប្រភេទកីឡាអត្ត ពលកម្មលើវិញ្ញាសារត់ ២០០ម៉ែត្រនារី ដែលដណ្តើមបានដោយកីឡាការិនី រឿង លក្ខិណា មេដាយមាស និង មេដាយប្រាក់លើវិញ្ញាសារត់៤០០ម៉ែត្របុរស ដោយកីឡាករ ផុន សុវណ្ណ។ចំពោះមេដាយ​មាស១គ្រឿងទៀតដណ្តើមបានលើប្រភេទកីឡាប៊ូល លើវិញ្ញាសាឯកត្តជននារី ដោយកីឡា ការិនី យឿន សុខចាន់។ ដោយឡែកកាលពីថ្ងៃទី១៧ ខែមីនា កីឡាខ្សោយបញ្ញាកម្ពុជាដណ្ដើមបានមេដាយ ប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិ៣គ្រឿង ហើយបណ្តោះអាសន្នគឺកម្ពុជាឈ្នះមេដាយសរុប មេដាយមាស២គ្រឿង, ប្រាក់៣គ្រឿង និងសំរឹទ្ធិ៣គ្រឿង៕

ដោយ ហេង ណាលីន