ក្រុមអ្នកស្រាវជ្រាវអះអាងថា ខ្មែរជាអ្នករកឃើញលេខសូន្យមុនគេក្នុងចំណោមបណ្តាប្រទេស លើពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ក្រុមសាស្ត្រចារ្យជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ បានបញ្ជាក់អះអាងថា ខ្មែរគឺជាអ្នក បង្កើត លេខសូន្យមុនគេនៅក្នុងចំណោមប្រទេសលើពិភពលោក។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយសន្និសីទស្តីពីប្រវត្តិគណិតវិទ្យាលេខសូន្យ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ​ (CKCC) លោកសាស្ត្រាចារ្យ ប៉ាត់ ស៊ុយគ្រី ប្រធានក្រុមអ្នកស្រាវជ្រាវស្ម័គ្រចិត្តខ្មែរ បានគូសបញ្ជាក់ថា លេខសូន្យគឺ ប្រទេសខ្មែរជាអ្នករកឃើញលេខសូន្យមុនគេ។ លោកសាស្រ្ដាចារ្យបន្តថា លេខសូន្យត្រូវបានគេសរសេរតំណាងឱ្យលេខដែលគេសរសេរជាតួអក្សរគឺលេខ៦០៤ ហើយ លេខសូន្យនេះត្រូវបានសិក្សាជាច្រើនឆ្នាំមកហើយ។ លោកសាស្ត្រចារ្យបានបញ្ជាក់ថា “យើង ខ្ញុំបានសិក្សាក្នុងផ្សព្វផ្សាយលេខសូន្យនេះអស់រយៈពេល៥ឆ្នាំមកហើយ ដើម្បីឱ្យ​ខ្មែរយើង ដឹងថាខ្មែរយើងជាអ្នកបង្កើត”។
ចំណែកលោកសាស្ត្រាចារ្យ វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ផ្នែកសិលាចារឹក ប្រវត្តិ សាស្ត្រខ្មែរ និងអាស៊ីអាគ្នេយ៍ បានលើកឡើងថា ប្រទេសខ្មែរមានប្រវត្តិសាស្ត្រយូរអង្វែង ជាងគេដោយសារតែមានចារអក្សរនៅលើថ្ម ទើបដឹងថា ខ្មែរជាអ្នកបង្កើត។

លោកសាស្រ្ដាចារ្យបន្ថែមថា “អក្សរនៅលើថ្មគឺជាប្រភពភស្តុតាងរឹងមួយដែលមិនអាច អ្នកណាម្នាក់កែប្រែបានទេ ហើយភាគច្រើនសុទ្ធសឹងជាឯកសារសហ័សសម័យ គឺគេសរសេរ កាលពីពេលណា ហើយវាបន្សល់ទុករហូតដល់សព្វថ្ងៃអត់មានអ្នកណាកែបានទេ”។ លោក សាស្រ្ដាចារ្យក៏បានលើកឡើងថា ចំពោះតួលេខ ឬអក្សរនោះខ្មែរយើងមិនបានបង្កើតអក្សរ ដោយខ្លួនឯងនោះទេ គឺយើងយកតួអក្សរពីប្រទេសឥណ្ឌា ដូច្នេះទាំងអក្សរនិងលេខមកពីស្រុក​ ឥណ្ឌា។ លោកសាស្ដ្រាចារ្យបានពន្យល់បន្ថែមថា គ្រាន់តែថាតាមរយៈការស្រាវជ្រាវកន្លង​មក​តួលេខសូន្យ យើងរកឃើញថាមាននៅលើផ្ទាំងសិលាចារឹកខ្មែរយើងដែលចាស់ជាងគេនៅ លើពិភពលោក”។

លោកសាស្ត្រាចារ្យក៏បានឱ្យដឹងទៀតថា ខ្មែរយើងពិបាកក្នុងការនិយាយថាខ្មែរ ជាអ្នក បង្កើតលេខសូន្យ ព្រោះថាពាក្យថាលេខសូន្យនោះគឺកើតចេញពីពាក្យបាលីសំស្ក្រឹត ហើយ អាចអះអាងថាលេខសូន្យដែលយើងកំពុងប្រើគឺមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក ដែលចាស់ជាងស្រុកឥណ្ឌា ចាស់ជាងស្រុកជ្វា និងកន្លែងដទៃទៀត។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យក៏បានអះអាងទៀតថា តួលេខ១ ដល់លេខ៩ គឺមាន លក្ខណៈស្រដៀងគ្នាលេខនៅក្នុងស្រុកឥណ្ឌា និងលេខអារ៉ាប់ ។ លេខ១, ២, ៣, ៤, ៥ ,៦ ,៧ នៅសម័យអង្គរដូចនឹងលេខអារ៉ាប់សព្វថ្ងៃ ប៉ុន្តែលើកលែងតែ៨ និង៩ មានលក្ខណៈខុសគ្នា។

លោក ឈុន ហុក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមាន ប្រសាសន៍ថា សន្និសីទស្តីពីប្រវត្តិគណិតវិទ្យានៃលេខសូន្យ មានគោលបំណងផ្តល់នូវចំណេះ ដឹងដូចជា ការអប់រំគណិតវិទ្យា ប្រវត្តិ និងការវិវត្តគណិតវិទ្យា ការលើកកម្ពស់គណិតវិទ្យា ការជំរុញវប្បធម៌ស្រាវជ្រាវគណិតវិទ្យា។ លោកក៏បានបន្ដថា សន្និសីទនេះក៏មិនត្រឹមតែលើក កម្ពស់ទស្សនវិស័យស្ថាប័នគណិតវិទ្យាប៉ុណ្ណោះទេ ក៏ចូលរួមលើកកម្ពស់មុខវិទ្យាផ្សេងៗទៀត ផងដែរ៕

ដោយ ប៊ុនរិទ្ធ