ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបង្ការគ្រោះអគ្គិភ័យក្នុងរដូវក្តៅនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបង្ការគ្រោះអគ្គិភ័យ ដែលអាចនឹងកើតឡើងពីការធ្វេសប្រហែសនៅក្នុងរដូវក្តៅនេះ។
លិខិតអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនានេះ បានប្រាប់ឲ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់អនុវត្តវិធានការការពារ និងប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចមដែលអាចបង្កើតឲ្យមានអគ្គិភ័យដូចជា៖ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសម្រាម ដុតព្រៃ ចំការ វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ឬប្រើចរន្ដអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ជាដើម ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់ និងបង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យបាន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា អាកាសធាតុនៅប្រទេសកម្ពុជា នឹងបន្តឡើងកំដៅលើស៤០អង្សា ចាប់ពីពេលនេះតទៅរហូតដល់រយៈពេលប្រមាណ២ខែទៅមុខទៀត ដែលធ្វើឲ្យអាកាសធាតុក្តៅ ស្ងួត ហួតហែង ងាយបណ្តាលឲ្យកើតគ្រោះអគ្គិភ័យជាយថាហេតុ។
សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី តាមផ្លូវសាធារណៈនៅតំបន់ងាយរងគ្រោះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការចុះអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា។ ជាមួយគ្នានេះ អង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យនៅតាមបណ្តារាជធានី-ខេត្ត និងនៅតាមបណ្តាស្ថានីយរថយន្តអគ្គិភ័យក្រុង ស្រុក ខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់អប់រំ ណែនាំប្រជាពលរដ្ឋអំពីវិធានការបង្ការអគ្គិភ័យ និងត្រូវពង្រឹងការងារប្រចាំការ២៤ម៉ោងក្នុង២៤ម៉ោង ហើយត្រូវត្រៀមជាស្រេចនូវរថយន្តពន្លត់អគ្គិភ័យ ឧបករណ៍សម្ភារៈ ប្រេងឥន្ទនៈ ទឹកស្តុក និងប្រភពយកទឹកឲ្យគ្រប់គ្រាន់ ដើម្បីធានាដល់កិច្ចអន្តរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោម បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ពេលមានគ្រោះអគ្គិភ័យកើតឡើង ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទាក់ទងមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ តាមរយៈលេខទូរស័ព្ទលេខ១១៧ ឬលេខ៦៦៦ សម្រាប់រាជធានីភ្នំពេញ៕