ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានអះអាងថា :កម្ពុជានៅតែបន្តទទួលរងឥទ្ធិពល ពីការផលិត និងការចរាចរគ្រឿងញៀនទាំងក្នុង និងក្រៅតំបន់

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី

ភ្នំពេញ​៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលពីការផលិត និងការចរាចរគ្រឿងញៀនទាំងក្នុង និងក្រៅតំបន់ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងឪកាសដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង តំណាងក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធសរុបជិត១០០មនាក់ ដើម្បីឆ្លងរបាយការណ៍ឆ្នាំ២០១៨ ពិនិត្យ និងពិភាក្សាលើលទ្ធផល ចំណុចខ្លាំង ចំណុចខ្វះខាត ចំណុចសេសសល់ ដែលត្រូវការចាំបាច់សម្រាប់​ជាមូលដ្ឋានឆ្ពោះទៅសម្រេចឲ្យបានតាមផែនការ និងទិសដៅដែលយើងបានដាក់ចេញសម្រាប់ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានកោតសសើរដល់គ្រប់ក្រសូង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលបានខិត​ខំប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទីភាកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានបង្ហាញនូវចំណុចសំខាន់ៗមូយចំនួនដែលពាក់ពាក់ព័ន្ឋ
ជាមួយ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រួមមាន៖១. ការងារផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនបន្តវិវត្តប្រែប្រួលជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ ហើយសូមបន្តយកចិត្តទុកដាក់​បង្កើនការទទួលខុសត្រូវ និងចាត់វិធានការឱ្យបានច្បាស់លាស់ ទាន់ពេលវេលា និងមានប្រសិទ្ធភាពលើក្រុមគោល​ដៅប្រឈម​ព្រោះជនខិលខូច ឬពួកឧក្រិដ្ឋជនគ្រឿងញៀនងាយបោកបញ្ឆោតឱ្យប្រើប្រាស់ ឬអូសទាញឱ្យចូលរួម​ក្នុងសកម្មភាពរបស់ពួកគេ ដែលអាចធ្វើឱ្យបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាននៅតែកើតមានជាបន្តទៀត។

២.ការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យើងបានធ្វើការពិនិត្យ និងកែសម្រួលនូវទិន្នន័យ​ពាក់ព័ន្ធនឹងចំនួនអ្នកញៀនគ្រឿងញៀនដើម្បីឱ្យមានភាពត្រឹមត្រូវ និងឯកភាពគ្នា ធ្វើជាមូលដ្ឋានក្នុងការរៀបចំឱ្យ​បានសមស្របនូវរាល់សេវាពាក់ព័ន្ធ ដូចជាសេវាព្យាបាល សេវាស្តារនីតិសម្បទា សេវាបណ្តុះបណ្តាលបំណិនជីវិត សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាគាំទ្រនានាសម្រាប់ដំណាក់កាលនៃការធ្វើសមាហរណកម្មទៅតាមគ្រួសារ និងសហគមន៍វិញ ។ល។ ៣. ការងារអនុវត្តច្បាប់ យើងទើបនឹងបានធ្វើសិក្ខាសាលានាពេលកន្លងទៅថ្មីៗនេះនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើការស្វែងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ អំពីមូលហេតុ ក៏ដូចជាកត្តារួមផ្សំផ្សេងៗ ដែលធ្វើឱ្យការចរាចរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមាន ក៏ដូចជាសិក្សាស្វែងយល់អំពីអ្វីដែលយើងបានអនុវត្តនាពេលកន្លងមក ចំណុចខ្លាំង ចំណុចខ្សោយ វិធានការ ក៏ដូចជាតម្រូវការនានា ដែលអាចជួយឱ្យយើងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ បង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ ។ ៤. ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិបានដំណើរការជាប្រក្រតីមានបញ្ហាអ្វីឡើយ ដោយយើងនៅតែរក្សាបានទំនាក់ទំនងល្អជាមួយដៃគូជាអង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសនានាទាំងនៅក្នុង និងក្រៅតំបន់។
និងទី៥. ការងារពង្រឹងយន្តការ ជាការងារគន្លឹះក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសម្រួលមាត្រាព្រះរាជក្រឹត្យ ដើម្បីធានាថា ក្រសួង ស្ថាប័ន និងអង្គភាពជាសមាជិក គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្តទាំងអស់ មានកញ្ចប់ថវិកាផ្ទាល់ខ្លួន ដើម្បីចាត់ចែង និងដោះស្រាយឱ្យមានប្រសិទ្ធភាពនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ៕