កម្ពុជាចាប់ផ្តើមបង្កើតប្រព័ន្ធសេវាភស្តុភារឆ្លងដែន ដើម្បីជំរុញការទិញ-លក់ទំនិញ នៅលើអនឡាញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


កម្ពុជាចាប់ផ្តើមបង្កើតប្រព័ន្ធសេវាភស្តុភារឆ្លងដែន ដើម្បីជំរុញការទិញ-លក់ទំនិញនៅលើអនឡាញ ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនានេះ បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានក្នុងភាពជាដៃគូ រវាងអង្គការសហប្រជាជាតិ ដើម្បីកម្មវិធីអភិវឌ្ឍន៍ ហៅកាត់ថា UNDP និងក្រុមហ៊ុនផ្តល់សេវាភស្តុភាឆ្លងដែនឯកជនមួយ ដើម្បីរៀបចំប្រព័ន្ធសេវាភស្តុភារឆ្លងដែន ដែលអាចឲ្យទំនិញក្នុងវិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមរបស់កម្ពុជា អាចច្បាមយកសក្តានុពលទីផ្សារក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា វិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមរបស់កម្ពុជា នឹងមានទីផ្សារកាន់តែធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញឲ្យមានការបង្កើតនូវប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគ តាមរយៈ ក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសេវាភស្តុភារ និងបង្កើន ប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្មផ្សេងៗ។
ចំណែក លោក Yue (KEVIN) Li នាយកប្រតិបត្តិក្រុមហ៊ុន 4PX Express មានប្រសាសន៍ថា សេវាភស្តុភារឆ្លងដែន នឹងបង្កើតនូវមធ្យោបាយសម្រាប់ឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីចរន្តដ៏រស់រវើកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏ជួយឲ្យកម្ពុជាទទួលបានការវិនិយោគកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារនៅក្នុងប្រទេស។
សូមបញ្ជាក់ថា គម្រោងបង្កើតប្រព័ន្ធភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈសេវាភស្តុភារឆ្លងដែន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ ស្ថិតក្នុងគម្រោងថវិកាប្រមាណ១លាន៣សែនដុល្លារអាមេរិក ដែលជាសហហិរញ្ញប្បទានក្នុងភាពជាដៃគូ រវាង UNDP និងក្រុមហ៊ុន4PX Express៕