ការសន្ទនាគ្នាចិន  –  EU  សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ការសន្ទនាគ្នាជាយុទ្ធសាស្ត្រថ្នាក់ខ្ពស់ចិន  – EU លើកទី៩ កាលពីថ្ងៃចន្ទ នៅទីក្រុងព្រុចសែល បានគូសបញ្ជាក់ នូវតម្រូវការដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី ។

ការសន្ទនាគ្នានេះត្រូវបានធ្វើជា សហប្រធានដោយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang Yi  ) នឹងតំណាងជាន់ខ្ពស់ EU សម្រាប់នយោបាយ កិច្ចការបរទេសនិងសន្តិសុខលោកស្រី ហ្វេដេរីកា ម៉ូកហេរីនី ( Federica Mogherini ) ។

លោក វ៉ាង បាននិយាយថា ចិន និង EU  គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ។ ប្រឈមមុខនឹង ស្ថានការណ៍អន្តរជាតិ ដែលច្របូកច្របល់នេះ ភាគីទាំងពីរបានធ្វើការអភិវឌ្ឍនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដោយដើរតួនាទីជា « អ្នកធ្វើឱ្យមានស្ថិរភាព » ។

លោក វ៉ាង បាននិយាយថា ចិន និង អឺរ៉ុប ក្នុងឋានៈជាមហាអំណាចពីរ ក្នុងពិភពលោកត្រូវតែទទួល យកនូវការទទួលខុសត្រូវនេះ ។ កម្រិតនិងទំហំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមួយ ហើយនៅមានសក្តានុពលដ៏ធំនៅឡើយ ។

លោក វ៉ាង បានគូសបញ្ជាក់នូវចំណុច៣ ទីមួយ ភាពជាដៃគូកិច្ចសហប្រតិបត្តិការ គឺជាធម្មជាតិ នៃ ទំនាក់ទំនង ចិន  – EU ។ មូលដ្ឋានរួម គឺការសាទរដល់ការអភិវឌ្ឍ នូវទំនាក់ទំនងទ្វេភាគីទោះបីជាប្រទេសទាំងពីរ មានការមិនចុះសម្រុងគ្នាលើបញ្ហាមួយចំនួនក៏ដោយ  ។

លោក វ៉ាង បាននិយាយថា គោលដៅនៃកិច្ចសហប្រតិបត្តិការចិន  – EU គឺការធ្វើឱ្យសម្រេចបាននូវ ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងលទ្ធផលឈ្នះឈ្នះ ដោយសង្ឃឹមថា អឺរ៉ុបនឹងទទួលបាននូវផលប្រយោជន៍ពីការធ្វើកំណែទម្រង់ និងការបើកចំហថ្មីរបស់ចិន ។

ទី ៣, លោក វ៉ាង បាននិយាយថា ការគោរពនូវផលប្រយោជន៍យ៉ាងសំខាន់របស់គ្នាទៅវិញទៅមក គឺជានិក្ខិត្តសញ្ញា នៃជំនឿទុកចិត្តគ្នារវាងចិន និង EU  ហើយលោកសង្ឃឹមថា EU  អាចមានការប្រុងប្រយ័ត្ននៅក្នុងពាក្យសម្តី និងអំពើរបស់ខ្លួន ។

លោកស្រី ម៉ូក ហេរីនី បាននិយាយថា ទំនាក់ទំនង EU    ចិន បានឈានដល់កម្ពស់ថ្មីមួយក្នុងពេល៥ឆ្នាំ កន្លងទៅនេះ ក្នុងការធ្វើឱ្យស៊ីជម្រៅ និងវិសាលភាពរបស់ខ្លួន ។ ភាគីទាំងពីរមានជំហរ និងគោលដៅរួមដូចគ្នា ប្រឆាំងនឹងលទ្ធិឯកតោភាគីនិយម និងលទ្ធិការពារទំនិញក្នុងស្រុកនិយម ហើយភាគីទាំងពីរគាំទ្របទបញ្ជាអន្តរជាតិ ដែលបានបង្កើតឡើងនៅជុំវិញ អ.ស.ប ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )