ប្រទេសថៃនឹងបន្តបង្ក្រាបការរត់ពន្ធមនុស្ស

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា  ឆ្នាំ២០១៩ — ឧបនាយករដ្ឋមន្ត្រីលោក ប្រាវីត វ៉ុង ស៊ូវ៉ាន់ ( Prawit Wongsuwan ) ត្រូវបានគេដកស្រង់សម្តី កាលពីថ្ងៃចន្ទ ដែលនិយាយថា ប្រទេសថៃកំពុងបន្តបង្រ្កាបក្រុមរត់ពន្ធមនុស្សនៅទូទាំងប្រទេស ។

អ្នកនាំពាក្យក្រសួងការពារប្រទេសឧត្តមសេនិយឯក គង់ជីប តាន់ត្រាវ៉ានិច ( Kongcheep Tantrabanich ) ។ បាននិយាយថា លោក ប្រាវីត ដែលបច្ចុប្បន្នធ្វើជារដ្ឋមន្ត្រីការពារប្រទេសនោះបានធ្វើជា ប្រធានកិច្ចប្រជុំមួយរបស់គណៈកម្មាធិការ ទទួលបន្ទុកការពារ និងបង្ក្រាបការរត់ពន្ធមនុស្ស នៅឯវិមានរដ្ឋា   ភិបាល ដែលក្នុងអំឡុងកិច្ចប្រជុំនោះ លោកបានធានាឡើងវិញថា វិធានការប្រឆាំងនឹងការរត់ពន្ធមនុស្ស របស់រដ្ឋាភិបាលត្រូវបានគេអនុវត្តន៍ ។

អ្នកនាំពាក្យនោះបាននិយាយថា គណៈកម្មាធិការនេះបានពិចារណាធ្វើការផ្លាស់ប្តូរ ដែលបានគ្រោង ទុកចំពោះសេចក្តីរាយការណ៍ជាផ្លូវការមួយ ស្តីពីវិធានការរបស់ប្រទេសថៃ ប្រឆាំងនឹងក្រុមរត់ពន្ធមនុស្ស ដែល នឹងត្រូវបញ្ជូនបន្តទៅឱ្យ ស.រ.អា នៅដើមខែខាងមុខនេះ ។

គេបានដកស្រង់សម្តី លោក ប្រាវីត ដែលនិយាយថា ពួកអាជ្ញាធរប្រាកដជានឹងបន្តប្រយុទ្ធនឹងក្រុមរត់ពន្ធមនុស្ស ព្រមទាំងជួយសង្គ្រោះនិងការពារជនរងគ្រោះ ដោយគោរពនូវគោលការណ៍សិទ្ធមនុស្ស ។

ឧត្តមសេនិយឯក គង់ជីប បាននិយាយថា ពួកអាជ្ញាធរមានផែនការបំបាត់ឱ្យអស់ ក្រុមរត់ពន្ធមនុស្ស ដែលលាក់ខ្លួន ស្រីពេស្យា, អ្នកសុំទាន និងកម្មករមិនទាន់គ្រប់អាយុ ក្រៅពីកម្មករទេសន្តប្រវេសន៍ខុស ច្បាប់ ។

គេបានដកស្រង់សម្តីលោក ឧបនាយករដ្ឋមន្ត្រី ដែលនិយាយថា បុគ្គលិករដ្ឋាភិបាលណាមួយ ដែលគេចោទប្រកាន់ថា បានរកឃើញមានជាប់ពាក់ព័ន្ធនៅក្នុងកិច្ចការរត់ពន្ធមនុស្សនឹងត្រូវគេនាំយកទៅកាត់ទោសដោយគ្មានការលើកលែងឡើង៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)