គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយ ជា គីមហុង ខេត្តកំពង់ចាម៖


គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាមបានដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
ក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក មាង ម៉េងហួន ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានឱ្យដឹងថាបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម មាន ៦ គណបក្សនយោបាយ គឺ ៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សឆន្ទៈខ្មែរ ។ លោក ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាមគូសបញ្ជាក់ថា មណ្ឌលស្រុកបាធាយ មានគណៈបក្សនយោបាយឈរ ឈ្មោះ ចំនួន ៥ មណ្ឌលស្រុកចំការលើ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ចំនួន ៣ មណ្ឌលស្រុកជើងព្រៃ មានគណៈបក្សនយោបាយឈរឈ្មោះ ចំនួន ៣ មណ្ឌលក្រុងកំពង់ចាម មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន ៤ មណ្ឌលស្រុកកំពង់សៀម មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន ៤ មណ្ឌលស្រុកកងមាស មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន ៤ មណ្ឌលស្រុកកោះសូទិន មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន៣ មណ្ឌលស្រុកព្រៃឈរ មានគណៈបក្សយោបាយ ឈរឈ្មោះចំនួន ៥ មណ្ឌលស្រុកស្រីសន្ធរ មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន ៣ មណ្ឌលស្រុកស្ទឹងត្រង់ មានគណៈបក្សនយោបាយ ឈរឈ្មោះចំនួន ៣ ។ លោក មាង ម៉េងហួន បានគូសបញ្ជាក់ដែរថា តាមបទបញ្ជានិតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជន និងការទទួលស្គាល់ គណបក្សនយោបាយ និងបេក្ខជនរួចរាល់ហើយ ដោយគ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ គណកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវធ្វើការចាប់ឆ្នោតកំណត់យក លេខរៀងរបស់គណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោត សម្រាប់មណ្ឌលបោះឆ្នោតនីមួយៗ ។
លោក កៅ សុខអាន អភិបាលរង ខេត្តកំពង់ចាម បាន ការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួន យ៉ាងមមាញឹក ។លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ត្រូវសហការគ្នា ធ្វើកិច្ចការដោយត្រឹមត្រូវ សេរី យុត្តិធម៌ តម្លាភាព និងគ្មានអំពើហិង្សា សក្តិសមជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ និងប្រពៃណី ដ៏ល្អផូរផង់របស់យើង ដើម្បី ភាពសុខសាន្តដល់ប្រជាពលរដ្ឋ និងភាពរីកចម្រើន នៃប្រទេសជាតិ ។
សូមបញ្ជាក់ថា ព្រះគ្រូ ចរិយាឧត្តម ស៊ាង លាង ព្រះបាល័តគណ ខេត្តកំពង់ចាម បានចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
ពិធីនេះមានការចូលរួមពី មន្រ្តីពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី តំណាងគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ផងដែរ ៕