ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយពីអចលនទ្រព្យនិងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី ៖

ក្រសួងព័ត៌មាន បានជំរុញការផ្សព្វផ្សាពីអចលនទ្រព្យ និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការរីកចំរើន ដើម្បីអោយប្រជាជន ក៏ដូចជាអន្តរជាតិ បានដឹងច្បាស់ពីភាពរឹងមាំ និងសក្តានុពល ផ្នែកសេដ្ឋកិច្ចនៅក្នុង ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ។


ថ្លែងក្នុងឱកាសទទួលជួបលោក លៀង គង់ ស្ថាបនិក និងជាអគ្គនាយក គេហទំព័រ Property.area នៅថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តល់ជាមត្តិយោបល់ សំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ និងក្រុម ការងារទាំងអស់ នៃគេហទំព័រ Property.area ធ្វើការសិក្សា ស្រាវជ្រាវអំពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៏ និងចំណេះដឹងថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋ។


ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងព័ត៌មាន ក៏ត្រូវការនូវដំណឹងល្អៗពីគេហទំព័រនេះ ដើម្បីផ្សព្វផ្សាយផងដែរ ជាពិសេសពីបញ្ហាសេដ្ឋកិច្ច អចលនទ្រព្យ ក៏ដូចជាផ្នែកសំខាន់ៗជាច្រើនទៀត របស់ប្រទេសកម្ពុជា អោយទៅអន្តរជាតិ បានស្គាល់ និងដឹងច្បាស់។
សូមបញ្ជាក់ថាគេហទំព័រនេះ បានផ្សាយពីគម្រោងនៃការអភិវឌ្ឍធំៗ ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាដើម ដែលមានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស៕