រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅតែបន្តជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី ៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅតែបន្តជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីទប់ស្កាត់ការបង្ភាពកចលាចល នៅក្នុងសង្គមបានតទៅទៀត។

  ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៏ជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមីនា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ផ្នែករបស់ក្រសួងព័ត៌មាន ត្រូវដាក់បញ្ចូលនូវរាល់ព័ត៌មាន និងដំណឹងទាំងអស់រួមទាំង វីដេអូ និងរូបថត ល្អៗ ចូលទៅក្នុងប្រព័ន្ធ YouTube ក៏ដូចជានៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមទាំងអស់ ដើម្បីរួមគ្នាបន្សាប នូវព័ត៌មានមិនពិតឬ ក្លែងក្លាយទាំងអស់នោះ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានក៏បានជំរុញដល់មន្រ្តីជំនាញផ្នែកព័ត៌មានវិទ្យា នៃក្រសួងព័ត៌មាន ត្រូវបង្កើននូវប្រសិទ្ធភាពក្នុងការបំពេញការងារ តាមរយៈកិច្ចសហការជាមួយ ក្រុមការងារApp ក្រសួងព័ត៌មាន ដើម្បីរួមគ្នាពិនិត្យតាមដាន នូវបណ្តាញផ្សព្វផ្សាយនានា ក៏ដូចជាគេហទំព័រ ដែលផ្សាយដំណឹងមិនពិត និង ក្លែងក្លាយ ដើម្បីមានវិធានការ ឆ្លើយតប និងទប់ស្កាត់ កុំអោយមានការបំពុលដល់សង្គម។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានផ្ញើជាសារលិខិតបានកោតសរសើរ ដល់បណ្តាញសារពត៌មាននិង  អង្គភាពសារព័ត៌មាន ដែលបានធ្វើការបកស្រាយពន្យល់ឆ្លើយតបទៅនិងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធនានា ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ បាន ជ្រួតជ្រាប ពីសភាពការណ៍ពិតនៅកម្ពុជា ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលា នូវរាល់ឧបាយកល ដ៏ពិសពុលរបស់ពួកគេ ដែលប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់៕