ក្រសួងពាណិជ្ជកម្មកំណត់មិនយកពន្ធលើមុខទំនិញចំនួន៣២មុខ ដែលនាំចេញទៅវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវមុខទំនិញចំនួន៣២មុខរបស់កម្ពុជា ដែលនាំចេញទៅវៀតណាម ដោយមិនគិតពន្ធ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មជាមួយភាគីវៀតណាម កាលពីខែកុម្ភៈកន្លងទៅនេះ។


សេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លែងទៅនេះ បានបញ្ជាក់ថា មុខទំនិញដែលទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ ចាប់ពីឆ្នាំ២០១៩-២០២០ មានដូចជា៖ បសុបក្សីរស់ក្នុងអម្បូរទា ក្ងាន មាន់បារាំង សាច់និងបំណែកនៃសាច់ដែលអាចបរិភោគបានរបស់ បសុបក្សី ផ្លែឈើពពួកក្រូចស្រស់ឬក្រៀម ក្រូចឆ្មា ស្រូវ អង្ករសំរូប នំប៉័ង នំខេក ប៊ីស្គី ថ្នាំជក់ឆៅ ជាដើម។


ក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យផលិតករ ឬអ្នកនាំចេញ ដែលបាននឹងកំពុងប្រកបអាជីវកម្មពាក់ព័ន្ធទំនិញខាងលើ ដែលមានបំណងនាំចេញទៅប្រទេសវៀតណាមដោយទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ ត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមរយៈគេហទំព័រhttps://co.com.gov.kh។
ដោយឡែក សម្រាប់បរិមាណមុខទំនិញស្លឹកថ្នាំជក់ និងអង្ករ សម្រាប់អនុវត្តឆ្នាំ២០១៩ គឺផលិតករ ឬអ្នកនាំចេញ ត្រូវដាក់ពាក់ស្នើសុំទៅក្រសួងពាណិជ្ជកម្មផ្ទាល់ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩៕