រាជរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់អំពីបញ្ហាខ្វះទឹក និងភ្លើងប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ៖

 រាជរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់អំពីបញ្ហាខ្វះទឹក និងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកំពុងខិតខំរកដំណោះស្រាយអំពីក្តីកង្វល់នេះ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី១៨ ខែ មីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញការជីកអណ្តូងទឹកឲ្យបានគ្រប់ទីកន្លែង ដើម្បីសម្រួលការលំបាកប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ក៏នឹងប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយថាមពលប្រេងឥន្ធនៈ ដើម្បីដោះស្រាយវិបត្តិដាច់ចរន្តអគ្គិសនី។«កាលពីឆ្នាំ២០១៦ អណ្ដូងរីងស្ទើរតែ៨០ភាគរយ នៃអណ្ដូងទឹក ដោយសារតែការជីកទឹក ជីកអណ្ដូង គឺកាលពីដើមដង្ហើមដល់ទឹក អណ្ដូងគឺវាចេញប៉ុន្តែនៅឆ្នាំ ២០១៦ ដង្ហើមទឹកធ្លាក់ទៅដល់ ១២ម៉ែត្រ។ ចឹងធ្វើអោយអណ្ដូងដែលមានកម្ពស់១០ ម៉ែត្រនេះ វាគឺរីង  ហើយរយៈពេលឆ្នាំនោះដដែលយើងក៏ជីកអណ្ដូងបានច្រើន។ ឆ្នាំនេះយើងក៏ត្រូវបន្តជីកអណ្ដូងគ្រប់ទីកន្លែងទាំងអាជ្ញាធរទាំងកាកបាទក្រហម ទាំងសប្បុរសជនពិនិត្យមើលកន្លែង ណាដែលជីកអណ្ដូងបានត្រូវជីកអណ្ដូងប្រសើរជាង។ ដឹកទឹកទៅពីចម្ងាយ ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង ទំរាំដល់ភ្លៀងធ្លាក់ដែលឆ្នាំនេះភ្លៀង ដែលអូសបន្លាយពិតមែនហើយដែលភ្លៀងប៉ុន្មានថ្ងៃនេះកើតកន្លែងនេះកន្លែងនោះ គឺជាភ្លៀងដែល ក្របខណ្ឌ ជាម្លុក ផ្ទៃក្នុងប៉ុណ្ណឹងទេមិនទាន់ជាប្រព័ន្ធ ពិតមែនហើយដែលមានប្រព័ន្ធ ទាក់ទងពីហ្វីលីពីនមកកាន់កន្លែង យើងដែលកកើតជាដែលគេហៅថាសម្ពាធទាប និងជាតំបន់ព្យុះនៅតំបន់ហ្វីលីពីន ដែលអាចពាក់ព័ន្ធមកដល់ខ្មែរយើងផងដែរ។ ចឹងទេយើងត្រូវខិតខំបន្តការដោះស្រាយបញ្ហានេះ ប៉ុន្តែរឿងធំជាងនេះ គឺជាបញ្ហាវារីអគ្គិសនីទាំងអស់របស់យើងដោយសារទឹកវាហួតហែង ធ្វើឲ្យវារីអគ្គិសនី ទាញទូរប៊ីនអត់រួច  ដែលត្រូវបិទមួយចំនួន ធ្វើឲ្យយើងកំពុងខ្វះអគ្គិសនី រហូតទៅដល់៤០០មេកាវ៉ាត់។ ដូច្នេះហើយ បានការផ្គត់ផ្គង់អគ្គិសនីរបស់យើងមួយចំនួន មានការរអាក់រអួល កន្លែងខ្លះត្រូវបានស្នើសុំឲ្យមានការកាត់ផ្តាច់ ផ្អាកការផ្គត់ផ្គង់ ដើម្បីផ្គត់ផ្គង់នៅកន្លែងនេះ បន្ទាប់ទៅផ្គត់ផ្គង់កន្លែងនោះ។ សូមមេត្តាអត់ធ្មត់ ក្នុងស្ថានភាពក្នុងការលំបាក ហើយកន្លែងណាដែលមានលទ្ធភាពគឺ យើងយកមកប្រើម៉ាស៊ីនភ្លើង។ ឥលូវឆ្នាំនេះឲ្យវាហ៊ុយធុំក្លិន បន្តិចក៏មិនអីដែរ ដោះស្រាយឲ្យរួចសិន ពិតហើយបើកម៉ាស៊ីនភ្លើងភា្លម គឺវាមានផ្សែងហ៊ុយ វាធុំក្លិន រួចហើយវាលឺសូរសំឡេង ប៉ុន្តែវាប្រសើរជាងយើង ដុតចង្កៀងប្រេងកាត ចឹងទេសម័យនេះហើយវាដំណាក់កាលនោះហើយ »។