មេបញ្ជាការកងទ័ពអាមេរិកបដិសេធរបាយការណ៍ថាសហរដ្ឋអាមេរិករក្សាទុកទាហានជាង ១.០០០នាក់នៅស៊ីរី

អាមេរិក៖ មេបញ្ជាការកងទ័ពអាមេរិក ដែលជាប្រធានអគ្គសេនាធិការចម្រុះ បានបដិសេធការផ្សាយរបស់កាសែតវ៉ល់ស្រ្ទីតហ្សួណាល់ (Wall Street Journal)ដែលបានរាយការណ៍ថាយោធាអាមេរិកកំពុងរៀបចំផែនការដើម្បីរក្សាកងទ័ពរហូតដល់ជាង ១.០០០ នាក់នៅក្នុងប្រទេសស៊ីរី ។

លោកមេបញ្ជាការកងទ័ពអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាគ្មានការផ្លាស់ប្តូរផែនការដែលបានប្រកាសកាលពីខែកុម្ភៈនេះទេហើយអាមេរិកនឹងបន្តអនុវត្តទិសដៅរបស់លោកប្រធានាធិបតីដូណាល់ត្រាំដើម្បីដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី។

តាមការផ្សាយរបស់កាសែតវ៉ល់ស្រ្ទីត ហ្សួណាល់ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថាកងទ័ពអាម៉េរិកបានបន្តធ្វើការជាមួយពួកយុទ្ធជនឃឺដនៅក្នុងប្រទេសស៊ីរីដែលប្រឈមនឹងការគំរាមកំហែងពីប្រទេសទួរគី។ ​កាសែតនោះ បានបន្តទៀតថាផែនការនេះបានធ្វើឡើងខណៈការចរចារវាងសហរដ្ឋអាមេរិក, ទួរគី,សហភាពអឺរ៉ុបនិងឃឺដត្រូវបានបរាជ័យក្នុងការបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរី។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៣.១៩)